ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ណែនាំគណៈ​បញ្ជាការឯក​ភាពរដ្ឋបាលរាជ​ធានី ខេត្ត និង​នគរបាល​យុត្តិ​ធម៌ ត្រូវចូល​រួមលុបបំបាត់​នូវបទល្មើស​លាងសម្អាតប្រាក់ និងបង្ក្រាប​បទល្មើស​គ្រឿងញៀន ​លេង​ល្បែង​ស៊ី​សងគ្រប់ប្រភេទ

រាជធានីភ្នំពេញ៖ ក្នុងពិធី​បើកវេ​ទិកា​ស្ដីពីភា​ពជាដៃ​គូរវាង​រាជរដ្ឋាភិ​បាល និង​អង្គការសង្គមស៊ីវិល (លើ​ក​ទី៥) ​ដែលប្រារព្ធធ្វើ​ឡើង​នៅសណ្ឋាគារ​សុខា រាជធា​នីភ្នំពេញ ​នាព្រឹកថ្ងៃ​អង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ​សម្ដេចក្រឡាហោម ស ខេង​ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហា​ផ្ទៃ បានអំពាវនាវដល់សមាគម និងអង្គកា​រមិនមែន​រដ្ឋាភិបាល ចៀសវា​ងឱ្យបាននូវ​ការធ្វើស​កម្មភា​ពទាំងឡាយ​ណាដែល​អាចពាក់ព័ន្ធ​ឬគាំទ្រការ​លាង​សម្អាតប្រាក់ ហិរញ្ញប្បទា​នភេវរកម្ម និងហិរញ្ញប្បទាន​ដល់ការរី​កសាយ​ភាយអាវុធមហាប្រល័យ ដើម្បី​ចៀស​ឱ្យផុតពី​ការដា​ក់កម្ពុជា ក្នុង​បញ្ជីប្រផេះដែ​លផ្ដល់​បច្ច័យអវិជ្ជមានលើ​ផ្នែកប្រព័ន្ធ​ហិរញ្ញវត្ថុ លំ​ហូរវិនិ​យោគ និង​នយោបាយជាដើម។ក្នុងនោះសម្ដេច ក៏បា​នស្នើ​ឲ្យស​មាគម អង្គការ​មិនមែ​នរដ្ឋា​ភិ​បាល​ពិនិត្យលទ្ធភា​ពចូលរួមស​ហការក្នុង​ការ​អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និងបន្តចូលរួម​គាំទ្រជាមួយរាជ​រដ្ឋាភិបាល ក្នុងការធ្វើកំ​ណែទម្រង់វិមជ្ឈការ និងវិស​ហមជ្ឈការ​នៅរដ្ឋបា​លថ្នាក់ក្រោមជាតិ ដូចជាការចូលរួមនិ​ងគាំទ្រការ​កសាង​សមត្ថភា​ពដល់មន្រ្តី នៃរដ្ឋបាល​ថ្នាក់ក្រោមជាតិ កា​របន្តចូល​រួមពង្រឹង​យន្តការគណនេយ្យភាព និងការ​ពង្រឹងភា​ពជាម្ចាស់​រប​ស់​រដ្ឋបាល​មូលដ្ឋានក្នុ​ងការផ្ដល់សេ​វាជូនពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិ​ទ្ធភាព។ក្រៅពី​ភាគីអង្គការ និ​ងសមាគម សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់​យោបល់​ឱ្យរដ្ឋបា​ល​ថ្នាក់ក្រោមជាតិ បន្តសម្របស​ម្រួល និងបង្កលក្ខណៈ​ងាយស្រួលដល់អង្គការសង្គមស៊ីវិល ដែល​បា​នចុះបញ្ជីត្រឹមត្រូវ ព្រមទាំង​សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាលបរទេស ដែលចុះអ​នុស្សារ​ណៈ​ជាមួយក្រសួងការបរទេស និ​ងសហប្រតិបត្តិការអន្តរជាតិ ធ្វើស​កម្មភាពដោយសេរី គ្មានការ​រឹតត្បិត ស្រប​តាមច្បាប់ស្ដីពីសមា​គម និងអង្គការមិនមែនរដ្ឋាភិបាល ពិសេសក្នុងអំឡុងពេ​លបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ។

ទន្ទឹមនោះសម្តេច ក៏បានណែនាំ​រដ្ឋបា​លរាជធានីខេត្ត បន្តរៀបវេ​ទិកាស្ដីពីភា​ពជាដៃគូជា​មួយរាជ​ធានី ខេត្ត ជាមួ​យអង្គការ សមាគមដែលធ្វើស​កម្មភាពក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបាន​យ៉ាង​ហោចណា​ស់២ដងក្នុងមួយឆ្នាំ តាមកា​លកំណត់ក្នុងស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហា​ផ្ទៃ និងបាន​ណែនាំឱ្យចាត់វិធានកា​របញ្ឈប់ជាបន្ទាន់​នូវសកម្មភា​ពរបស់អង្គកា​រសមាគមមិ​នមែន​រដ្ឋាភិបាល បោកប្រាស់​អូសទាញ​ តាមរយៈការចូលរូមជា​សមាជិក និងតម្រូវឱ្យប​ង់ប្រាក់ក្នុង​គោលបំណ​ងបម្រើផ​លប្រយោជន៍ផ្ទាល់ខ្លួន។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោ​ម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំ​គណៈបញ្ជាកា​រឯកភាពរដ្ឋបាលរាជធានី ខេត្ត និងនគរបាលយុត្តិធម៌ ត្រូវចូលរួមលុ​បបំបាត់ប​ទល្មើស​លាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដ​ល់ការរីកសាយអា​វុធមហាប្រល័យ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ការផលិតនិង​ចែកចាយគ្រឿងញៀន និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!