ព័ត៌មានជាតិ

បញ្ចប់ទស្សន​កិច្ចនៅស្វីស ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់កម្ពុ​ជា ទស្សន​កិច្ចនៅប្រទេ​សអាល្លឺម៉ង់

(ភ្នំពេញ)៖បន្ទាប់ពីបានបញ្ចប់ដំណើរទស្សន​កិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស នារសៀល​ថ្ងៃទី២៤ ខែ​មេសា ឆ្នាំ២០២៤ ត្រូវនឹ​ងពេលយប់ម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹក​នាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរទៅដល់ទីក្រុង Kempten នៃសាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉​ង់ ប្រកបដោយសុវត្ថិភាព។

នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោ​កជំ​ទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងចាប់ផ្ដើមទស្សនកិច្ចកា​រងារដោយអញ្ជើញជួបពិ​ភាក្សាការ​ងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ ស្ដាប់បទបង្ហាញលើប្រ​ធានបទសំខាន់​ៗពាក់ព័ន្ធនឹងវិស័យមហាផ្ទៃដោយវាគ្មិនជំនាញៗ ព្រមទាំងអញ្ជើញទស្សន​កិច្ចសិក្សានៅតាមទី​តាំងមួយចំនួនទៀត។

គួរកត់សម្គាល់ថា ទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នៅសហ​ព័ន្ធស្វីស និងនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នាឱកាសនេះ មានគោលដៅដកស្រង់​បទពិសោធ​ន៍ប​ន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសទាំងពីរ សម្រាប់ការបន្តជំរុញ​ដំណើរ​ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន នៅកម្ពុជា។

មុនបន្តដំណើរពីសហព័ន្ធស្វីស មកកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួមក​ម្មវិធីពិសាអាហារសាមគ្គី​ពេលល្ងាចផ្លូវការ រៀបចំដោយឯកឧត្តម Arno Wicki ឧបការីអគ្គនាយកនៃទី​ភ្នាក់ងារស្វីសសម្រាប់​ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងជាប្រធានផ្នែកអាស៊ីអាមេរិកឡាទីន និងការ៉ាប៊ីន នៅវិមាន Bellevue ក្នុងទីក្រុងប៊េន។

ក្នុងពិធីនោះឯ​កឧត្តមអភិសន្តិបណ្ឌិត ឧបនាយ​ករដ្ឋមន្ត្រី ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចស​ហប្រតិបត្តិការ (SDC) ដែលបានយកចិត្តទុកដាក់ផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួយជាបន្ត​បន្ទាប់ដល់ប្រទេសកម្ពុជា ជាពិសេសបានសម្រប​សម្រួលដំណើរទ​ស្សនកិច្ចជូនគណៈ​ប្រតិភូកម្ពុជានៅសហព័ន្ធស្វីស ប្រកបដោយជោគជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button