ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការសា​លាខេត្តជាលទ្ធ​ផលអវិជ្ជមាន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយ​ការិយាល័យ​នគ​របាល​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុ​ញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអ​នុវត្ត តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីកា​រដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានសហការជាមួ​យការិយាល័យនគ​របាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្ត ដល់បងប្អូន មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនា​ការប្រឆាំង​គ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាព នយោបាយរបស់រាជរដ្ឋាភិបាល។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ នេះជាជំហានដំបូង សម្រាប់​ខេត្តប៉ៃលិន ដែលបានធ្វើតេស្ត ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រម​ទាំង​អ្នកអនាម័យ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្ត ដូច្នេះយើងនឹងបន្ត បើកយុទ្ធនាការ​ធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ និង ឈានទៅដល់ការធ្វើតេស្ត គ្រូបង្រៀន និង គ្រូពេទ្យទៀតផង ដើម្បីលើ​ក​កម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់​ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវបណ្ឌិតបាន ស្រីមុំ ក៍បានមានប្រសា​សន៍ផ្តាំផ្ញើដល់​បងប្អូនប្រ​ជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវនៅអោយឆ្ងាយ​ពីគ្រឿងញៀន ហើយ ក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀន នោះនឹងត្រូវបណ្តេញ​ចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងនូវកា​រប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈវិធានការអប់រំ រដ្ឋបាល និងវិធានការច្បាប់ អោយបានម៉ឺងម៉ាត់ ដើម្បីអោយស​ហគមន៍របស់យើងគ្មានគ្រឿងញៀន និងកសាងសុភមង្គលជូនគ្រួសារ និងសហ​គមន៍។

សូមបញ្ជាក់ថា៖ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត ដែលបានមកធ្វើតេស្តទឹកនោម រកសារ​ធា​តុញៀន នៅថ្ងៃនេះ សរុបចំនួន ១៥៦នាក់ ក្នុងនោះ ក្រុមប្រឹក្សា ចំនួន ១៥នាក់ មន្ត្រីរាជ​ការក្រប​ខ័ណ្ឌ ចំនួន ៨៩នាក់ មន្ត្រីជាប់កិច្ចសន្យា ចំនួន ៤០នាក់ និងបុគ្គលិកមិនបើ​កថវិការដ្ឋ ចំនួន ១២នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button