ឯកឧត្តមទេសរ​ដ្ឋមន្ត្រី អ៊ី ឈា​ន ចុះត្រួត​ពិនិត្យមើល​កងកម្លាំង​ជួរមុខ ការពា​រព្រំដែ​នកម្ពុជា-ថៃ ក្នុង​ភូមិ​សា​ស្ត្រខេត្តប៉ៃលិន

ប៉ៃលិន៖ នារសៀលថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២​៥ ឯកឧត្តម អ៊ី ​ឈាន ទេសរដ្ឋមន្ត្រី ទទួល​បន្ទុកកិ​ច្ចការព្រំដែ​ន បានអ​ញ្ជើញសំ​ណេះសំ​ណាលសួរសុខទុក្ខលើកទឹកចិត្ត និងត្រួតពិនិត្យមើល កងកំ​លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូ​មិសា​ស្ត្រខេត្តប៉ៃលិន។

ឯក​ឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការព្រំដែន និងជាប្រធានក្រុម​ការងាររាជ​រដ្ឋាភិ​បាល​ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសា​សន៍នាំមកនូវ​ការផ្តាំផ្ញើសាកសួរសុ​ខទុក្ខពីសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរ​ជើង​នៅតា​មបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេចទាំងបី មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែ​នឹករលឹកដ​ល់ក​ងកម្លាំងរបស់យើងជានិច្ច។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ​សភាពការ​ណ៍នៅ​តាមប​ន្ទាត់ព្រំដែន មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ជាពិសេស​នៅចំណុច​មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ កំពុងមាន​ការប៉ះទង្គិ​ចគ្នាដោយអាវុធយ៉ាងខ្លាំង រហូតដល់ប្រើយន្តហោះចំបាំងផងដែរ ហើយកង​កម្លាំងប្រ​ដាប់អាវុធរ​បស់កម្ពុជាយើងកំពុងប្រយុទ្ធដេញចោរឈ្លានយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វ​ហេតុការពា​របូរណៈភាពទឹកដី។

ឯកឧត្ត​ម អ៊ី ឈាន ក៍បាន​មានប្រសាស​ន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡា​យ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការ​ពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់​ស្រស់​ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេ​ដ្ឋកិច្ច ជូនក​ងទ័ព និងគ្រួសារកងទ័ព​ឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោល​របបរបស់​រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីប​ម្រើឱ្យក្នុង​បុព្វហេតុ​ការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូ​នកូនក្មួយ​ជំនាន់​ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *