អភិបាលខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ
បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្ត បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បន្ទាប់ពីប្រទេសថៃបានបង្កសង្រ្គាមឈ្លានពាន រយៈពេល ៥ថ្ងៃ នៅតាមព្រំដែនជាមួយកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើងៗ បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនមួយចំនួន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *