អភិបាលខេត្តប៉ៃលិន ជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ឱ្យដល់មូលដ្ឋាន និងរកទីផ្សារជូនកសិករ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើល ការបូមទឹកសង្គ្រោះស្រូវវស្សារបស់ប្រជាពលរដ្ឋ ចំនួនជាង ៣៥០ហិចតា ស្ថិតនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នាឱនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ឱ្យដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈម ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពដែលមាននោះឡើយ។
ចំណែកមន្ទីរពាណិជ្ជកម្មត្រូវស្វាត់ស្វែងរកទីផ្សារនិងចុះតាមដានសកម្មភាពឈ្មួញកណ្តាលកុំអោយចុះបង្អាប់ទីផ្សារកសិផលរបស់កសិករអោយសោះត្រូវចុះអោយដល់កន្លែងទីផ្សារធំដែលទិញពីកសិករអោយបានទៀងទាត់នេះជាការតាមដានដ៍មានប្រសិទ្ធភាពបំផុត។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចតេជោ ប្រធានព្រឹទ្ធសភា តែងតែបានណែនាំ និងជំរុញដល់ ស្ថាប័នជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍សំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការបូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពរបស់ពលរដ្ឋតាមរយៈវិស័យកសិកម្ម។

បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើអោយដឹងថា៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ចំនួន ៣៥០ហិកតា ស្ថិតក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយបូមទឹកចេញពីស្ទឹងប៉ៃលិន ប្រើប្រាស់ម៉ាស៊ីនបូមទឹក ខ្នាតធំ ៦៥សេះ ចំនួន ២គ្រឿង ដោយធ្វើការបូមតគ្នា ២តំណ៕

Leave a Reply

Your email address will not be published. Required fields are marked *