បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូន ដែលជម្លៀសខ្លួនពីតំបន់សមរភូមិមុខខេត្តឧត្តរមានជ័យ ជិត២០០គ្រួសារ មកទីតាំងសុវត្ថិភាព នៅស្រុកភ្នំស្រុក ។
នាឱកាសនោះឯកឧត្តម ឌិត ទីណា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាធិបតី ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាព។
ឯកឧត្ដម បញ្ជាក់ថា ការផ្ទុះអាវុធក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ គឺថៃជាអ្នកបាញ់មកលើកម្ពុជាមុនហើយ កម្ពុជាបានប្រេីប្រសិទ្ធការពារ និងវាយបកទៅវិញ ដេីម្បីការពារបូរណភាពទឹកដី ការពារប្រាសាទរបស់កម្ពុជា ពីសត្រូវឈ្លានពាន ដោយមានមហិច្ឆតាចង់បានទឹកដី ប្រាសាទរបស់កម្ពុជាធ្វើជារបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយឯកឧត្តម បញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគោលជំហររបស់កម្ពុជា គឺការពារនូវបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។
នាឱកាសនោះដែរឯកឧត្ដម ឌិត ទីណា បានបន្តដំណើរទៅសួរសុខទុក្ខ កុមារកំព្រា ដែលបានជម្លៀសចេញពីខេត្តឧត្តរមានជ័យ ដែលជាខេត្តសមរភូមិមុខ កំពុងស្នាក់នៅក្នុងវិទ្យាល័យ ជប់វ៉ារី ព្រមទាំងបានឧបត្ថម្ភនូវស្បៀង មានអង្ករ គ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីប្រើប្រាស់បណ្ដោះអាសន្នផងដែរ ៕