រាជធានីភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
នាឱកាសនោះលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពី ការវាយតម្លៃសូចនាករសមិទ្ធកម្មប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើមាតិកា ៤ សំខាន់ៗគឺ ១–ទិដ្ឋភាពទូទៅនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ២–កិច្ចព្រមព្រៀងសមិទ្ធកម្ម ឆ្នាំ២០២៥ ៣–លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម និងទី៤–សេចក្ដីសន្និដ្ឋាន ដោយបានធ្វើការព្រៀបធៀបគោលដៅសម្រេចបាននៅឆ្នាំ២០២៥ ខ្ពស់ជាងគោលដៅសម្រេចបានៅក្នុងឆ្នាំ២០២៤។
ជាមួយគ្នានោះដែរ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលជាច្រើនស្របតាមផែនការ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ ដែលជាការបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលជាមគ្គទេសក៍ពោរពេញដោយសមត្ថភាព និងឆន្ទៈយ៉ាងមុតមាំ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពការងារទាំងផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលលើវិស័យអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្ដរភាព ៕