បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទគ្រប់អង្គភាពចំណុះ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផល កិច្ចប្រតិបត្តិការសម្រេចបានកន្លងមក និងធ្វើការផ្សព្វផ្សាយផែនការណ៍អនុវត្តការងារសម្រាប់ខែបន្ទាប់។ ក្រៅពីនេះក៏បានធ្វើការណែនាំបន្ថែមនូវការងារចាំបាច់ចំពោះមុខមួយចំនួនដល់កងកម្លាំងផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ត្រូវពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន, ត្រូវពង្រឹងការចុះផ្សព្វផ្សាយតាមវេទិការ សាធារណៈ អំពីគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពឲ្យបានផុលផុស, បន្តធ្វើការស្រាវជ្រាវ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, បន្តជម្រុញដល់ពលរដ្ឋដែលទើបគ្រប់អាយុនិង ហួសសុពលភាពប្រើប្រាស់ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នា, ពង្រឹងការកសាងជំរុំបន្ទាយ និងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ, ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕