បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុង ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ កម្លាំងនគរបាលកងអន្តរាគមន៍។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ ផ្សព្វផ្សាយផែនការ និងបែងចែកការងារ ការទទួលខុសត្រូវដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ដើម្បីឲ្យការចាត់តាំង អនុវត្តមានរបៀបរៀបរយ ប្រកបដោយភាពរលូន និងប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ លើការអនុវត្តការងារ តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន, ពង្រឹងការបង្ក្រាបបទល្មើសគ្រប់បទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និងក្មេងទំនើង, ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីការពារបូរណភាពដែនដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងករណីមានហេតុការណ៍បន្ទាន់៕