ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រ នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ខួប ៨៩យាងចូល ៩០ព្រះវស្សា ។ នៅក្នុងកម្មវិធីនេះផងដែរក៏មានព្រះសង្ឃ ធ្វើពិធីកិច្ចទៅតាមបែបសាសនាប្រពៃណី និងរបាំថ្វាយព្រះពររួចមក ឯកឧត្តម អ៊ុំ រាត្រី ប្រធានកម្មាធិការសាខាកាកបាទក្រហមខេត្តបានអានសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារថា សូមក្រាបទូលបង្គំថ្វាយសម្ដេចព្រះមហាក្សត្រិយ៍នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាជាទីគោរព ដ៏ខ្ពង់ខ្ពស់បំផុតក្នុងបរិយាកាសដ៏មង្គល ថ្លៃថ្លាក្នុងឱកាសដល់ប្រហារវិសេសវិសាលប្រកបដោយនក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រិយ៍ នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គឺគម្រប់ខួប៨៩ យាងចូល៩០ ព្រះវស្សាដែលនឹងប្រព្រឹត្តទៅ ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះទូលព្រះបង្គំជាខ្ញុំ ទាំងអស់គ្នា ជាគណៈកិត្តិយសសាខាកាកបាទក្រហម ជាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាអនុសាខា ស្រុក ក្រុង កាកបាទក្រហមឃុំសង្កាត់ អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជានៃសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរ មហារប្រសើរថ្លៃថ្លា សូមទ្រង់ប្រកបដោយព្រះសុខភាពបរិបូណ៌និងមានជនមាន ព្រះជន្មជាងរយព្រះវស្សា ។ ព្រះមហាករុណាទិគុណ និងប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល ព្រះអង្គបានលះបង់នូវព្រះកាយពល ដោយមិនគិតការនឿយហត់ ក្នុងការក្នុងព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជានុរាស្ត្រជាទីស្រឡាញ់របស់ ទ្រងលគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ឧត្តុង្គឧត្តមនៃឆ្នាំនេះទូលព្រះបង្គំជាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រះបារមីថែរក្សាព្រះមហាក្សត្រ ព្រះមហាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាងគោរាគៈទេវី សូមជួយប្រោះព្រំតាមថែរក្សាបីបាច់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះបរមសុខ គ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រជាកូនចៅចៅទួត តរៀងទៅ។ សេចក្ដីក៏ពុំគួរ សូមព្រះអង្គមេត្តាករុណាប្រោសព្រះរាជទានទោស។ បញ្ចប់នៃកម្មវិធី គណៈអធិបតីបានប្រគល់អំណោយសម្ភារៈថវិកាជូនតាជីយាយជីដែលចូលរួម ២៥នាក់និងបានប្រលែងសត្វនាឱកាសនោះផងដែរ៕