លោក ឃ្លោក នួយ បានដឹកនាំក្រុមការងារ នាំយកថវិកា របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៦១គ្រួសារ

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ នាំយកថវិកា របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៦១គ្រួសារ ក្នុងមួយគ្រួសារៗចំនួន ៧២០,០០០៛ ដែលមានដីស្រែពាក់ព័ន្ធ នឹងដីគម្រោងសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED |||) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) គឺជាគម្រោងរបស់រាជរដ្ឋាភិបាលដែលបន្តគាំទ្រសម្បទានដីសង្គមកិច្ចបន្ទាប់ពីគម្រោង (LASED) ដំណាក់កាលទី១ និងទី២ នៅថ្នាក់ឃុំ ជូនគ្រួសារក្រីក្រដែលគ្មានដីសម្រាប់សង់ទីលំនៅ និងបង្កបង្កើនផល ព្រមទាំងជួយគាំទ្រផងដែរដល់សហគមន៍ជនជាតិដើមភាគតិច។

លោក ឃ្លោក នួយ អភិបាលរង ខេត្ត បានឱ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) ក្នុងគោលបំណង ដើម្បីផ្តល់នូវការទទួលបានសុវត្ថិភាពនៃការកាន់កាប់ដី សេវាកសិកម្ម និងសង្គម និងហេដ្ឋារចនាសម្ព័នដែលត្រូវបានជ្រើសរើស សម្រាប់កសិករ និងសហគមន៍ដែលស្ថិតនៅក្នុងទីតាំងគម្រោង។ គម្រោងនេះមាន ៥សមាសភាគរួមមាន ១.ការជ្រើសរើស និងអភិវឌ្ឍផែនការសម្រាប់ការងារសម្បទានដីសង្គមកិច្ច និងការចុះបញ្ជីពីសហគមន៍ជនជាតិដើមភាគតិច ២.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ៣.ការអភិវឌ្ឍវិស័យកសិកម្ម និងកម្រិតជីវភាពរស់នៅ ៤.ការគ្រប់គ្រង សម្របសម្រួល និងការត្រួតពិនិត្យ និងវាយតម្លៃគម្រោង និងទី៥.ការឆ្លើយតបក្នុងគ្រាអាសន្នផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *