កំពង់ចាម៖ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអំពាវនាវសូមឱ្យយុវជនសិក្សាកម្មវិធីឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រមរបស់ សម្តេចធិបតី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសូមឱ្យអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយដល់អាណាព្យាបាល មាតាបិតា ចូលរួម ជំរុញលើកទឹកចិត្តកូន ឬយុវជនឱ្យមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់ ខណៈឱកាសការងារចំនួន ១១.២០៦ កន្លែង តាមបណ្តារោងចក្រ សហគ្រាសចំនួន២៧ ក្នុងខេត្តកំពង់ចាម នឹងទទួលបានប្រាក់ឈ្នួលចាប់ពី ២២៥ដុល្លា ទៅ១.០០០ដុល្លា ក្នុងមួយខែ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួនមួយលានប្រាំសែននាក់ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ ២៨ ម៉ឺនរៀលទៀតផងដែរ។
បើតាមលោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្ននេះវិទ្យាស្ថានបាន និងកំពុងផ្តល់ការបណ្តុះបណ្តាលលើ ជំនាញការថែទាំ និងជួសជុលរថយន្ត ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងបណ្តាញបំពង់ទឹក សេវា កម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការថែទាំ និងជួសជុលទោចក្រយានយន្ត ការងារកំបោរ ការងារការ៉ូ ការផ្សារលោហៈដោយផ្នូរអគ្គិសនី(ធូប) សេវាកម្មកុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកាត់សក់បុរស សេវាកម្មសម្អាងកាយ ការកែច្នៃបន្លែ និងផ្លែឈើ ធុរកិច្ចភេសជ្ជៈ ការផលិតនំ ការធ្វើម្ហូបខ្មែរ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គិតចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ មានសិស្សសរុបចំនួន ១.២២៧នាក់ បានប្រឡងបញ្ចប់ និងចុះកម្មសិក្សានៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងយានដ្ឋាន សរុបចំនួន ៥៤០នាក់ ហើយទទួលបានការងារចំនួន ១៣១នាក់ ផងដែរ ៕