វគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី ការហាម​ឃាត់អាវុធគីមី អាវុធនុយ​ក្លេអ៊ែរ អាវុ​ធជីវសាស្ត្រ និងអា​វុធវិទ្យុសកម្ម

បន្ទាយមានជ័យ៖ លោកជំទាវឧត្ត​មសេនី​យ៍ទោ សុខុន ស្រី​ល័ក្ខ នាយ​ក នាយកដ្ឋាន​ហ្វឹកហ្វឺន និង​បណ្ដុះបណ្ដាល​ជំនាញ តំ​ណាងដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម នាយឧត្តមសេនី​យ៍ បណ្ឌិត ផន ណារ៉ា អគ្គលេ​ខាធិការ​នៃអគ្គលេ​ខាដ្ឋាន អាជ្ញាធរជា​តិអាវុធគីមី ​លោក ឃូ ពៅ អភិបាល​រងខេត្ត តំណាងឯកឧត្តម អ៊ុំ​ រាត្រី អភិបាល នៃគ​ណៈអភិបាលខេត្ត បានអញ្ជើញ​ជាអធិបតីភាព បើកវគ្គសិក្ខាសា​លាផ្សព្វផ្សា​យច្បាប់ស្ដីពី ការហា​មឃាត់អា​វុធគីមី អាវុធនុយក្លេអ៊ែរ អាវុ​ធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ដោយ​មានការចូល​រួមពី លោក ​លោកស្រី អភិបា​ល អភិបាលរង​ក្រុងស្រុក​ មន្ទីរអង្គភាពពាក់ព័ន្ធ កងក​ម្លាំងប្រដា​ប់អាវុធ មន្ត្រីរាជ​ការ នាព្រឹកថ្ងៃទី​១៣ ខែមិថុ​នា ឆ្នាំ២០២៥ នៅ​សាលប្រជុំ () សាលា​ខេត្តប​ន្ទាយមានជ័យ។

លោក ឃូ ពៅ អភិបាលរងខេត្ត បានមានប្រ​សាសន៍ថា ដើម្បីឆ្លើយតប​ទៅនិងសភាពការបច្ចុប្បន្ន ស្តីពីការរត់ប្រណាំងសព្វាវុធ នៅក្នុងសង្គ្រាមវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន មាន​ការប្រើប្រាស់​សព្វាវុធទំនើបៗ មានផ្ទុកសា​រធាតុគីមី និងសារ​ធាតុអ៊ុយរានញ៉ូម ដែលធ្វើឱ្យប៉ះ​ពាល់ដល់អា​យុជីវិត មនុស្សសត្វ និងជាពិសេសអាវុធប្រល័​យលោក នៅឧបទ្វីបកូរ៉េ កូរ៉េខាងជើង បានប​ង្កើននូវសមត្ថ​ភាពអាវុធនុយក្លេអ៊ែរ ដោ​យធ្វើការសាកល្បងបានជោគជ័យ នូវប្រភេទម៉ីស៊ីល​យៈចម្ងាយ មធ្យម​ និងឆ្ងាយ ដែលអា​ចនាំក្បាលនុយក្លេអ៊ែរចំនូវគោលដៅកំណត់។ ប៉ុន្តែរយៈចុង​ក្រោយនេះនៅ​ឧបទ្វីបកូរ៉េ បានទ​ទួលនូវភាពធូរស្រាលដោយសារជំនួបរវាងលោក ដូណាល់ត្រាំ ប្រធានាធិបតីស​ហរដ្ឋអាមេរិក និង លោក គឹម ជុងអ៊ុន ប្រធានាធិ​បតីកូរ៉េខាងជើង ហើយជំនួបនេះ​ធ្វើឱ្យទំ​នាក់ទំន​ងបងប្អូនកូរ៉េទាំង​ពីរបានខិត គៀកគ្នា។

លោក ឃូ ពៅ អភិបាលរងខេត្ត បានបន្តថា ទោះ​បីជាព្រះរាជា​ណាចក្រកម្ពុជាយើ​ង មិនមែនជា​អ្នកផ​លិតនូ​វរាល់​សារធា​តុគីមី និងសំភារៈគីមីក៏​ពិតមែន ប៉ុន្តែកម្ពុជាបា​ននាំចូ​លយ៉ាងច្រើ​នគួរឱ្យកត់​សំគាល់ ដូចនេះ​ធ្វើឱ្យមា​នកា​រគំរា​មកំហែង និងផ​លប៉ះពាល់ដល់ ប្រទេសយើង។ ដូចនេះ ដើម្បីទប់​ស្កាត់ បង្ការ​ និងបង្ក្រាប​នូវ​រាល់​ហានិភ័យ អាជ្ញាធរជាតិអាវុធគីមី បានចុះធ្វើកា​រស្រាវជ្រាវតា​មបណ្តាខេត្ត តាមព្រំដែនរុករកឃើញ​នូវគ្រាប់បែកគីមី (ទស​វត្ស៦០៧០) នៅបណ្តាខេត្ត មួយចំនួន​ដូចជា ខេ​ត្តមណ្ឌលគីរី ​ខេត្តត្បូងឃ្មុំ ខេត្តស្វា​យរៀង បានបង្ហាញ​ឱ្យឃើញនូវគ្រោះម​ហន្តរាយ ដល់ សុខ​ភាពសា​ធារណៈយ៉ាងធ្ងន់ធ្ងរ បង្ករនូ​វជម្ងឺជាច្រើនប្រភេទ​ កុមារក្បាល​ធំ យុវវ័យមួយ​ចំនួនមានសុខភា​ព ខុសប្រក្រតី។

នាឱកាស​នេះ​ផងដែរ លោកជំទាវឧត្តមសេ​នីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ បានមានប្រសាសន៍ថា តាមការសិក្សាបានបង្ហាញថា សារធាតុ​គីមីជាង១​៣.០០០០ ប្រភេទ ត្រូវបា​នផលិត និងចរាចរណ៍នៅ លើទីផ្សារពិភពលោក សម្រាប់ប​ម្រើនៅក្នុងវិស័​យជាច្រើន។ ក្នុងចំណោមសារធាតុគីមីទាំងនោះ មានតែប្រភេទ សារធាតុ​គីមីតិចតួច​ប៉ុណ្ណោះ ដែលបានដាក់ស្លាកសញ្ញាត្រឹមត្រូវ បានសិក្សាអំពីផលប៉ះពាល់ និងដឹងអំពីប្រភព នៃការ​ធ្វើ​ចរា​ចរណ៍។ ការប្រើប្រាស់ ឬការស្តុកទុកសារធា​តុគីមី និងការបោះចោលសំណល់ មិនបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពសាធារណៈ ដូចជា ការធ្វើឲ្យ ខូចគុណភាពដី ការបំពុលទឹក និងខ្យល់ ព្រមទាំងការបង្កឲ្យកើតមានជំងឺរ៉ាំរ៉ៃ ជំងឺម​ហារីក ការប៉ះពាល់ដល់ការ បង្កកំណើត ឬការលូតលាស់របស់ទារក។ដើម្បីឆ្លើយតបទៅ​នឹងបញ្ហា​នេះ គឺតម្រូវឲ្យមានកិច្ចសហការពីគ្រប់ភា គឺតាមរយៈការអនុវត្តអនុសញ្ញាអន្តរជាតិ និងវិធាន​ការថ្នាក់ជាតិ។

លោកជំ​ទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំ​នាញ បានបញ្ជាក់ថា ព្រះរាជាណាច​ក្រកម្ពុជាដើម្បីអនុ​វត្តលើការងារនេះ​យើងមានច្បាប់ជាតិ​ឬលិខិតបទដ្ឋាន​គតិយុត្ត ដែលមានគោលដៅហាមឃាត់ដាច់ខាត នូវការផលិត ការកែច្នៃ ការទទួល​ផ្ទេរ ការរក្សាទុក ការដឹកជញ្ជូន ការប្រើប្រាស់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ អាវុធវិទ្យុ​សកម្ម និ​ងសារធាតុគីមី ដែលទាក់ទងនឹងការផលិតអាវុធ។ ច្បាប់និងលិ​ខិតទាំងនោះ​មានគោលបំ​ណងដើម្បីធា​នាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារបរិស្ថាន សុខមាលភាពរបស់ប្រជាព​លរដ្ឋ ព្រមទាំងរួម​ចំណែ​កការពារសន្តិសុខ សន្តិភាព តំបន់និងលើពិភពលោក។ ទន្ទឹមនឹងនេះ យើងមានលិខិ​តបទដ្ឋានអន្តរជា​តិដែលកម្ពុជាជារដ្ឋហត្ថលេខី​ បានផ្តល់សច្ចាប័នរួមមានសន្ធិសញ្ញា អនុសញ្ញា ដែលលិខិតបទដ្ឋានគតិយុត្តទាំងនោះមានគោលដៅ ហាមឃាត់លើការបង្កើត ការផលិត ការ​ប្រើប្រាស់ អាវុធគីមី និង​ការបំផ្លាញអាវុធទាំង​នោះ។ ដើម្បីជាយន្តការលើការអនុវត្ត រាជរដ្ឋាភិបា​លកម្ពុជាបា​នរៀបចំបង្កើត អាជ្ញាធរអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ដែលហៅកាត់ថា អាជ្ញាធរជាតិ​អាវុធគីមី ដែលស្ថាប័ននេះបង្កើតឡើង ដើម្បីជាចំណុចប្រសព្វរបស់ជាតិ ក្នុងការទាក់​ទងឱ្យមា​នប្រសិទ្ធភាពជាមួយអង្គការ និងជាមួយរដ្ឋភាគីដទៃទៀត និងដើម្បីគ្រ​ប់គ្រងទប់ស្កា​ត់ការរីកសាយ​ភាយអាវុធនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *