(បន្ទាយមានជ័យ) លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(សស.យស) តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម អមដំណើរដោយអគ្គលេខាធិការរង ប្រធាន អនុប្រធានសាខាខេត្ត ប្រធាន អនុប្រធានផ្នែក និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព មកពីបណ្ដារាជធានី/ខេត្ត ក្រុង ស្រុក រួមគ្នាចុះសួរសុខទុកនិងនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនប្រគល់ជូនកងទ័ពជួរមុខ ចំនួនពីគោលដៅ ទី១–នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកជប់គគីរ និងទី២–ប្រសាទតាក្របីនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីរព័ត៌មានខេត្តឧត្តមានជ័យ និងក្រុមការងារផងដែរ។
នាឱកាសនោះដែរលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(សស.យស) ចំពោះវីរភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងការឈ្លានពាន ។អំណោយដែលប្រគល់ជូននាពេលនេះមានតិចតួចមិនគ្រប់តាមតម្រូវការក៏ពិតមែន តែជាទឹកចិត្តចូលរួម ដើម្បីផ្ដល់នូវកម្លាំងចិត្តដល់កងទ័ពដ៏អង់អាចរបស់យើងដើម្បីផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ។
ជាមួយគ្នានោះដែរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត ប្រធានសមាគម និងសហការីទាំងរាជធានី ខេត្ត ក្រុង ស្រុក ដែលជានិច្ចជាកាលតែងតែគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី មិនអនុញ្ញាតឲ្យកងទ័ពឈ្លានពានមករំលោភលើបូរណភាពទឹកដី។ហើយនេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លាផ្សារភ្ជាប់សមរភូមិមុខនឹងសមរភូមិក្រោយ ដែលកត្តានេះបានជួយជំរុញនិងលើកទឹកចិត្តដល់កងទ័ពជួរមុខឲ្យមានភាពមោះមុតអង់អាចក្លាហាននិងបំពេញភារកិច្ចបំរើជាតិ មាតុភូមិ ដោយមិនខ្លាចញញើត ជាមួយខ្មាំងសត្រូវ ពិសេសហ៊ានបូជាជីវិតជូនប្រទេសជាតិ ។
សូមបញ្ជាក់ផងដែរថា: អំណោយដែលត្រូវប្រគល់ជូនកងទ័ពនោះរួមមាន : អង្គរ ១០៥០គីឡូក្រាម ,ប្រេងឆា ចំនួន ១០កេះធំ ,មី ចំនួន ៤៦កេះ ,ទឹកបរិសុទ្ធចំនួន ២៤០យួរ ,ភេសជ្ជៈចម្រុះ ចំនួន ១០កេះ ត្រីខ ចំនួន ២០យួរ,ធូបមូស ចំនួន ១២ដុំ ,ត្រីងៀត ២៣គីឡូក្រាម ,ត្រីឆ្អើ ៧ដុំ ,ថ្នាំពេទ្យ ចំនួន ៧០បន្ទះ និងថវិការ ចំនួន២១៨០០០០រៀល(ពីរលានមួយសែនប្រាំបីម៉ឺនរៀល)ផងដែរ ៕