ខេត្តបន្ទាយមានជ័យ លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល ជាមួយសាខា អនុសាខាសមាគមអាចារ្យខ្មែរខេត្ត ស្រុក ក្រុងទូទាំងខេត្ត នៅថ្ងៃទី៣០ខែ ឧសភា ឆ្នាំ២០២៥ ។ពិធីនេះបានធ្វើឡើងនៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម នៃ វត្តស្វាយចាស់ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីក្រុមអាចារ្យអាចារិនី សរុបចំនួន១៣៤រូប។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា អាចារិនីសរុបចំនួន ១០០៤រូប មន្ទីរធម្មការបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែររបស់ក្រសួងធម្មការនិងសាសនាចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០២៥នេះ សរុបចំនួន៤៩ជំនាន់និងបានទទួលការបណ្ដុះបណ្ដាលសរុបចំនួន៤៣៤ អង្គ/នាក់ ៤៣,២៣%ស្មើនឹង រីឯអាចារិនីសរុបចំនួន ៥៧០ស្មើនឹង ៥៦,៧៧%ពុំទាន់បានចូលរួមវគ្គបណ្ដុះបណ្ដាលនៅឡើយនោះទេ ប៉ុន្តែមន្ទីរធម្មការនិងសាសនាខេត្ត នឹងធ្វើការបញ្ជូនទៅចូលរួមវគ្គបណ្ដុះបណ្ដាលតាមដំណាក់កាលរហូតទាល់តែអស់។
នៅក្នុងពិធីសំណេះសំណាលនេះផងដែរ លោកអាចារ្យអាចារិនីបានធ្វើការលើកឡើងពីបញ្ហាមួយចំនួន ស្ដីពីតួនាទីភារកិច្ចក្រមសីលធម៌ ក្នុងពិធីផ្សេងៗ ដូចជាពិធីអាពាហ៍ពិពាហ៍ពិធីក្រុងពាលី ពិធីពុទ្ធាភិសេក ចែចូវស្ដីដណ្ដឹងភ្ជាប់ពាក្យជាដើម ធ្វើយ៉ាងណាកុំឲ្យប្រាសចាកពីក្រមសីលធម៌ កុំឲ្យ ខុសពីទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ជាពិសេសប្រតិបត្តិយ៉ាងណាកុំឲ្យខុសពីវគ្គបណ្តុះបណ្តាលកន្លងមកដែលជាគ្រឹះដ៏រឹងមាំសម្រាប់ធ្វើការអនុវត្ត។
លោក យឹម សំណាង អភិបាលរង ខេត្តបានមានប្រសាសន៍ថា កម្មវិធីជួបជុំរបស់អាចារ្យនិងអាចារិនីទូទាំងខេត្តថ្ងៃនេះ មានគោលបំណង លើកកម្ពស់សមត្ថភាពយល់ដឹងពី ការគ្រប់គ្រងអាចារ្យជាគោលដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ បន្ថែមដល់អាចារ្យនិងអាចារិនីទាំងអស់ អោយទទួលបានការបណ្ដុះបណ្ដាល ពីសមាគមអាចារ្យខ្មែរ និងម្យ៉ាងវិញទៀតការជួបជុំនៅថ្ងៃនេះ គឺដើម្បីឲ្យមានការផ្លាស់ប្តូរមតិយោបល់និងបានចែករំលែក សហការគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យនិងអាចារិនីឱ្យកាន់តែល្អមានទំនុកចិត្តនិងទទួលបានក្នុងការបម្រើកិច្ចការ អាចារ្យក្នុងខេត្តបន្ទាយមានជ័យ។ ជាចុងក្រោយ លោក យឹម សំណាង បានមានប្រសាសន៍បន្ថែមថា ទី១ អាចារ្យអាចារិនីត្រូវមានវិជ្ជាសម្បត្តិផ្នែកពុទ្ធចក្រ ឲ្យបាន ទូលំទូលាយ ដូចជា ចេះសូត្រធម៌ ឱ្យបានច្បាស់។ ទី២ អាចារ្យអាចារិនីត្រូវមានសមត្ថភាពដឹកនាំ អ្នកដទៃក្នុងការធ្វើកិច្ចនៃពិធីបុណ្យផ្សេងៗ ដូចជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនាដូចជាបុណ្យពិសាខបូជា មាឃបូជាជាដើម ពិធីបុណ្យប្រពៃណីដូចជាពិធីបុណ្យចូលឆ្នាំខ្មែរឬពិធីអាពាហ៍ពិពាហ៍ជាដើម។ ទី៣ អាចារ្យអាចារិនីត្រូវមាន វោហារប៉ិនប្រសប់ក្នុងការនិយាយស្ដី។ ទី៤ អាចារ្យអាចារិនីត្រូវមានទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទ។ ទី៥ អាចារ្យអាចារិនីត្រូវឈ្លាសវៃក្នុងការដឹកនាំ ពិធីកម្ម ផែនការ ការទាក់ទងពុទ្ធបរិស័ទជាដើម។ ទី៦ អាចារ្យអាចារិនីត្រូវស្គាល់តួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់។ ទី៧ អាចារ្យអាចារិនីត្រូវមានក្រមសីលធម៌វិជ្ជាជីវៈសេចក្ដីថ្លៃថ្នូរជៀសវាងអំពើឆបោកកេងប្រវ័ញ្ចធ្វើអាជីវកម្មយកព្រះពុទ្ធសាសនាជាតិមុខរបរដើម្បីផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួនដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងទី៨ អាចារ្យអាចារិនីត្រូវរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងចៀសវាងការ ប្រកាន់ បក្សពួក៕