(បន្ទាយមានជ័យ) កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ លី ឡូយ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាបងប្រុសបង្កើតរស់នៅជាមួយគ្នា ស្ដីពីករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចទីតាំងខាងលេី។ ក្រោយទទួលបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងកើតហេតុខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ឡូយ រួមទាំងដកហូតវត្ថុតាងដំបងឈើមូលប្រហែល៨៥សង់ទីម៉ែត្រ និងបានធ្វើតេស្តទឹកនោម មានសារធាតុញៀនវិជ្ជមាន(+) ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាលើប្អូនស្រីខ្លួនឯងពិតប្រាកដមែន ដោយសារខ្លួនខឹងនឹងប្អូនស្រីនិយាយរអ៊ូ ស្ដីឱ្យខ្លួន ហេីយខ្លួនទ្រាំពុំបានក៏បានយកចានបាយគប់ទៅលើប្អូនស្រីចំខ្នង និងបានយកដំបងឈើវ៉ៃទៅលើស្មងជើងទៀតផង។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕