ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ត្រូវបានឣាវុធហត្ថ ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ): កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ លាប ហ៊ុយលី ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិតាអន ឃុំតាអន ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្តីពីករណី ខ្ចីម៉ូតូ ហើយមិនបានយកមកមសងវិញ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកខ្ចីនោះឈ្មោះ ចេង សំអាង (ហៅដាណា) ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Y-1969 ចំនួន០១គ្រឿង របស់ជនរងគ្រោះខាងលើ។ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមន្ទីរពេទ្យអោកទីនណា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែមានមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត ឈ្មោះ វុធ បានមកខ្ចីម៉ូតូនោះពីខ្លួនបន្តទៀត ហើយយកទៅដោយមិនឃើញយកមកឱ្យខ្លួនវិញទេ។

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *