ផ្សាយចេញនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ ៖ និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ព្រមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី ឆ្នាំទី៣ ជំនាញទី១១ ទាំង៦៤ នាក់ មកធ្វើទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារចុះបញ្ជីដីធ្លី និងឯកសារសុរិយោដី នៅមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីនៅក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសទទួលស្វាគមន៍ប្រតិភូនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បញ្ជាក់ដល់ប្រតិភូនិស្សិតទាំងអស់អំពីកិច្ចការងារ និងការចុះបញ្ជីដីធ្លីនៅក្នុងខេត្ត ដឹងថា សម្រាប់ការចុះបញ្ជីដីធ្លី ក្រុមការងារបានបញ្ចប់ការវាស់វែងហើយ ដោយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធទាំង៩ក្រុម ចំនួន ១៧៦នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌចំនួន ៤៥នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន ១៣ នាក់ និស្សិតមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លីចំនួន៣៥នាក់ និងយុវជន ស.ស.យ.ក ចំនួន ៨៣ នាក់ បាននិងកំពុងបន្តអនុវត្តនីតិវិធីចុះបញ្ជីទាំង ៥ ដំណាក់កា (១. ត្រៀមរៀបចំ, ២. ប្រតិបត្តិការបច្ចេកទេស, ៣. បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ, ៤.សម្រេចលើឯកសារនៃការវិនិច្ឆ័យ និង ៥.ចេញបណ្ឌ និង ចែកបណ្ណ)។
ជាលទ្ធផល គិតពីពេលចាប់ផ្តើម រហូតមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជី សរុបចំនួន ៦៧៨ ៦៦៥ ក្បាលដី, ក្បាលដីដែលបានវាស់វែង សរុបចំនួន ៧០៧ ៦២៣ ក្បាលដី (លើសក្បាលដីប៉ាន់ចំនួន ២៨ ៩៥៨ ក្បាលដី ), ក្បាលដីបានបិទផ្សាយ សរុបចំនួន ៣៦៣ ០៣១ ក្បាលដី (ក្បាលដីចុះបញ្ជី តំបន់ទន្លេសាប ចំនួន ៥ ១៧០ ក្បាលដី), ក្បាលដីដែលបានចេញបណ្ណ សរុបចំនួន ៣១៣ ៤២៥ ក្បាលដី, បណ្ណដែលបានចែកបណ្ណរួច សរុបចំនួន២៩៥ ៣៨១ ក្បាលដី, បណ្ណនៅសល់មិនទាន់ចែក សរុបចំនួន ១៧ ៧៣០ ក្បាលដី, ក្បាលដីមិនទាន់វាស់វែង សរុបចំនួន ៤ ៩៨៨ ក្បាលដី។
ជាមួយគ្នានោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏បានអរគុណទៅដល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និសូរិយោដីខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ឱកាសដល់និស្សិតទាំងអស់បានអញ្ជើញចូលមកស្វែងយល់អំពីការបំពេញនីតិវិធី បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ និងបានរាយការណ៍អំពីសមិទ្ធផលការងារដែលសម្រេចបានប្រកបដោយផ្លែផ្កា ។
សូមបញ្ជាក់ថា ការចុះមកធ្វើទស្សនកិច្ចសិក្សា របស់និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប គឺដើម្បីពង្រឹង និងបង្កើនការយល់ដឹងបន្ថែមលើការសិក្សាទ្រឹស្តី ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត លើការអនុវត្តជាក់ស្តែង ក្នុងខេត្តបន្ទាយមានជ័យ ដោយដំណើរទស្សនកិច្ចសិក្សា រយៈពេលខ្លី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលមាននិស្សិតចំនួន៦៤/ស្រី២៣នាក់ លោកគ្រូ អ្នកគ្រូដឹកនាំចំនួន០៦នាក់ផងដែរ៕