ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ចេញទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ/សង្កាត់ ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ និងបានផ្សព្វផ្សាយអំពីផែនការ ការងារចាំបាច់មួយចំនួនដល់កម្លាំងនគរបាលក្នុងអង្គពិធី។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើលោក លោកស្រី ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះ និង មន្ត្រីនគរបាល ទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តសម្រេចបានលទ្ធផលល្អ ក្នុងឆមាសទី១នេះ។ លោកក៏បានដាក់ចេញ ផែនការចាំបាច់ដល់កងកម្លាំងនគរបាលទាំងអស់ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង, ស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ និងក្មេងទំនើង, បង្ក្រាបរាល់ទីតាំងជួញដូរបារីអេឡិចត្រូនិច, ពង្រឹងទប់ស្កាត់រាល់ការដុតកាំជ្រួច អណាធិបតេយ្យ, ពង្រឹងទប់ស្កាត់ ទីតាំងបញ្ចាំខុសច្បាប់ និងទីផ្សារទទួលផលចោរកម្ម តាមមូលដ្ឋានឲ្យមាន ប្រសិទ្ធភាព៕