ចេញផ្សាយនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកសណ្តាប់ធ្នាប់សាធារណ: នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ដើម្បីបញ្ជៀសការកកស្ទះនៅចំណុចផ្សារកូនដំរី ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកសណ្តាប់ធ្នាប់សាធារណ: បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការណែនាំពីលោកវរៈសេនីយ៍ទោ បោន ភក្រ្តា អធិការរង ទទួលផែនការងារសណ្តាប់ធ្នាប់ លោកក៏បានដឹកនាំកម្លាំងមាននាយរងផ្នែក និងមន្ត្រី បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរនៅអមសងខាង លើស្ពានផ្សារកូនដំរី ស្ថិតនៅចំណុចខាងលើ ឱ្យបញ្ឈប់ការលក់ដូរ ដោយប្ដូរទីតាំងកន្លែងមានសុវត្ថិភាព ដើម្បីឱ្យមានរបៀបរៀបរយ បញ្ចៀសការកកស្ទះ ពិសេសបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
សូមបញ្ជាក់ផងដែរថា នៅចំណុចខាងលើនេះ ជាផ្លូវមួយខ្សែដែលចរាចរណ៍យ៉ាងសកម្មទាំងរថយន្តធុនតូចនិងធុនធំដោយចាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅស្រុកម៉ាឡៃ ដោយបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករបានដាក់តាំងលក់ដូរគ្រឿងឧបភោគបរិភោគ និងទំនិញគ្រប់មុខគ្រប់មុខនៅអមសងខាងផ្លូវចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ស្ពានថ្មហួសពីផ្លូវរថភ្លើងបន្តិចបង្កឲ្យមានការកកស្ទះសឹងរាល់ថ្ងៃ ពិសេសព្រួយបារម្ភខ្លាចមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុផងដែរ។ដូច្នេះហើយទើបកម្លាំងនគរបាលក្រុង បានចុះធ្វើការណែនាំ ថែមទាំងជួយលើកសម្ភារៈនិងទំនិញលក់ដូរផ្សេងៗរបស់ប្រជាពលរដ្ឋទៅដាក់កន្លែងមានសុវត្ថិភាព និងមិនអនុញ្ញាតឲ្យបន្តលក់ទៀតឡើយ៕