(បន្ទាយមានជ័យ)កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដែលជាមេការ បុរី អេសឡឺបាឡង់ បច្ចុនប្បន្នស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ចោរលួចកាត់ខ្សែភ្លើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច បុរី ខាងលើ។លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរជអាវុធហត្ថក្រុងសិរីសោភ័ណបានបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុ ហើយពិនិត្យលើកាមេរ៉ាសុវត្ថិភាព កំណត់មុខសញ្ញាលើជនសង្ស័យ ហើយធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វិញ វីរ: ហៅ ក្រាក់ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងឧបករណ៍សម្រាប់កាត់ខ្សែភ្លើងមួយចំនួន ហើយនាំទៅមូលដ្ឋានកងរាជងាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងទាំងពីរលើក ហើយយកទៅលក់ ដើម្បីយកទៅលក់យកលុយមកទិញគ្រឿងញៀនប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕