ចេញផ្សាយនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០២៥ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានកោះអញ្ជើញអស់លោក លោកស្រីអភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធ តំណាងក្រុមប្រឹក្សា តំណាងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ តំណាងគណបក្សនយោបាយនិងមន្ត្រីគ.ជ.ប ខេត្ត បានចូលរួមកិច្ចប្រជុំស្ដីពីកិច្ចសហការនិងវិធានការ ការពារសន្តិ សុខសុវត្ថិភាពសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្ត។
លោក យ៉ង់ សក្កិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះគឺក្នុងគោលបំណងឲ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៥ប្រព្រឹត្តទៅដោយភាពរលូនប្រកបដោយសុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយ ទើបតម្រូវឲ្យអស់លោក លោកស្រី កងកម្លាំងមានអាជ្ញាធរមូលដ្ឋាន បន្តកិច្ចសហការការពារបន្តទៀត។
លោក យ៉ង់ សក្កិ បានបន្តថា រយៈកាលកន្លងមកក្នុងដំណើរការចុះបញ្ជីឈ្មោះនៃការចុះឈ្មោះបោះឆ្នោតទាំង ៦៧ឃុំ/សង្កាត់នៅក្នុងខេត្ត បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងក្នុងរយៈពេលជាង ១៥ថ្ងៃ ការពិនិត្យបញ្ជីឈ្មោះចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភានេះបានទទួលលទ្ធផលបណ្ដោះអាសន្នទូទាំងខេត្តចំនួនអ្នកមានឈ្មោះបោះឆ្នោតជាផ្លូវការឆ្នាំ២០២៤ចំនួន ៤៤ ៧៩៧៣នាក់ ចុះឈ្មោះថ្មីចំនួន ៥៤២៨នាក់ ផ្ទេរចូលពីក្រៅឃុំសង្កាត់ ១២៤០នាក់ ប្ដូរការិយាល័យឃុំ/សង្កាត់ចំនួន ៨៤៦នាក់ ចុះឈ្មោះថ្មីផ្ទេរចូលប្តូរការិយាល័យចំន៧៥១៤នាក់ និងលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតស្លាប់ ផ្ទេរសិទ្ធិ ផ្លាស់ចេញចំនួន១៧៥៤នាក់។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ.ជ.បខេត្តដែលបានខិតខំបំពេញភារៈកិច្ចរបស់ខ្លួនបានទទួលលទ្ធផលល្អប្រសើរណាស់សូមអរគុណចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចដែលបានចូលរួមសហការគ្នាបានយ៉ាងល្អប្រសើរ និងសូមបន្តជំរុញដល់ភូមិឃុំសង្កាត់និងផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះ គ្រប់អាយុត្រូវចុះឈ្មោះបោះឆ្នោតជំរុញឲ្យគាត់មកធ្វើបច្ចុប្បន្នភាពទិន្នន័យនិងជីវៈមាត្រារបស់ខ្លួន៕