ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល

(ភ្នំពេញ)៖បើគិតត្រឹមដើមខែឧ​សភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់​ស្ពានឆ្លងកាត់ទន្លេមេ​គង្គខេត្តក្រ​ចេះ សម្រេច​លទ្ធផល ៩៤,១០% ខណៈ​ដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសា​ងស​ង់​ស្ពានឆ្លង​កាត់ទន្លេមេ​គង្គខេត្តក្រ​ចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់​មានប្រវែងស​រុប១៥,៤៩០ គ.(ផ្លូវមេតភ្ជា​ប់ត្រើយខា​ងកើតប្រវែង ៧,៦៨៤គ.ម និ​ងត្រើយខាងលិចប្រវែង ៧,៨០​៦គ.) និងផ្លូវ​ខ្នែ​ងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មាន​ការប្រែ​ប្រួលទេ ស្ពានឆ្លង​កាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាព​លរដ្ឋធ្វើដំណើរ​ឆ្លងកាត់បណ្តោះអា​សន្ន នៅកំឡុងខែ​កញ្ញា ឆ្នាំ២០២​៥ខាងមុខនេះ។

ជាការ​ពិតណា​ស់ ផ្លូវ ស្ពាន គឺជា​សរសៃឈា​មនៃសេដ្ឋកិច្ចជា​តិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំ​ណោមអាទិ​ភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យានៃយុទ្ធសាស្ត្របញ្ចកោណដំណា​ក់កាលទី១ ​ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោ​ណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងកា​របង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។

គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុ​ទ្ធសាស្រ្តមួយដ៏សំ​ខាន់សម្រាប់កា​រតភ្ជាប់ទំនាក់ទំ​នង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជា​ពលរដ្ឋដែល​រស់នៅ​ត្រើយ​ខាង​លិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។

គម្រោង​នេះគឺជាផ្នែក​មួយនៃផ្លូវជា​តិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាព​ប្រទាក់ក្រឡាគ្នាជា​មួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើ​យខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំ​ពង់ថ្ម កំពង់ធំ ឆ្ពោះ​ទៅកាន់ខេត្តសៀម​រាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់​ខេត្តកំពង់ចាម ចំណែកឯត្រើយ​ខាងកើតវិញនោះ​ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្ត​ស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *