ចេញផ្សាយនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥
ខេត្តកំពត៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធកម្មវិធីថវិកា និងចង្កោមសកម្មភាព។អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក តឹក សុភឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោក លោកស្រី តំណាងអង្គភាពថ្នាក់កណ្តាល និងមន្ទីរពេទ្យជាតិ ក្រោមឱវាទក្រសួងសុខាភិបាលទាំងអស់។
គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធកម្មវិធីថវិកា និងចង្កោមសកម្មភាព គឺពិភាក្សា ផ្លាស់ប្ដូរយោបល់ និងផ្តល់ទស្សនទានលើ៖
១) សេចក្តីព្រាងរចនាសម្ព័ន្ធកម្មវិធីថវិកាថ្មី រួមមាន កម្មវិធី អនុកម្មវិធី និងសូចនាករសម្រាប់តាមដាន និងវាយតម្លៃសមិទ្ធផលនៃកម្មវិធី និងអនុកម្មវិធី
២) លើសេចក្តីព្រាងចង្កោមសកម្មភាពដើម្បីឱ្យស្របតាមមុខងារ និងអាទិភាពរបស់អង្គភាព
៣) កំណត់សូចនាករចម្បងៗសម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តចង្កោមសកម្មភាពនីមួយៗ៕