(បន្ទាយមានជ័យ)៖ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ាង គឹមឆាយ ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំរាមថានឹងសម្លាប់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខសាលារៀន សុវណ្ណភូមិ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ញាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្បែរសាលារៀនអនុវិទ្យាល័យកំពង់ស្វាយ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន០២នាក់ ១–ឈ្មោះ ហេង ស៊ីមិញ ហៅទឺ ភេទប្រុស អាយុ ១៦ ឆ្នាំ បច្ចុប្បន្ននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ២.ឈ្មោះ ហ៊ុត ជីងធាន ហៅប៊ូ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាងមួកសុវត្ថិភាពមួយ(វត្ថុតាងវាយជនរងគ្រោះ), ០១ម៉ូតូគ្រឿង និងទូរសព្ទចំនួន០២គ្រឿង ហើយបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន ដោយសារតែខឹងជនរងគ្រោះថា ក្រុមបេនឡានរបស់ខ្លួនជាក្រុមអន់ ទើបខ្លួនគុំសងសឹកជាមួយជនរងគ្រោះតែម្តង។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕