ចេញផ្សាយនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖សាលាពុទ្ធិកសិក្សាសាលាបាលី ស្ថិតនៅក្នុង វត្តទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ នៅក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលមានទំហំបណ្ដោយ៤០ម៉ែត្រ ទទឹង៩ម៉ែត្រ សង់អំពីថ្មប្រក់ក្បឿងបេតុងអាមេ រចនាបថខ្មែរមាន៥បន្ទប់ ថ្នាក់សិក្សាមាន ៣បន្ទប់ ថ្នាក់កុំព្យូទ័រមាន ១បន្ទប់ និងបណ្ណាល័យមាន១បន្ទប់ ដែលចំណាយថវិកាអស់សរុបចំនួន ១៤ ៥៥០០ដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានរៀបចំពិធីធ្វើបុណ្យ សម្ភោធឆ្លង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាពុទ្ធិកសិក្សានេះក្រោមអធិបតីភាពខ្ពស់សម្ដេចព្រះព្រហ្មរតនៈ មុនី ពិន សែម សមាជិកថេរសភា គណៈសង្ឃនាយក គណៈមហានិកាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំលឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា លោកលៀម សុដា អភិបាលរង ខេត្តតំណែងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។
ព្រះតេជគុណ សុវណ្ណបញ្ញាមុន្នី យឺន សុវណ្ណា ដែលជាព្រះចៅអធិការវត្តទួលពង្រ ព្រះអង្គបានមាន សង្ឃដីកាបញ្ជាក់ថា សាលាពុទ្ធិកសិក្សាដែលសម្ពោធឆ្លងថ្ងៃនេះគឺបានមកពីការបរិច្ចាគ សទ្ធាពីសប្បុរសជនជិតឆ្ងាយ ដែលមានសទ្ធាសាងសង់សមិទ្ធផលដ៏មានតម្លៃមួយនេះ សម្រាប់ សមណសិស្សបានសិក្សារៀនសូត្រ ។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងលោក លៀមសុដា អភិបាលរង ខេត្តបានមាន សង្ឃដីកា និងប្រសាសន៍ថ្លែងនូវអំណរគុណចំពោះសប្បុរសជនពុទ្ធបរិស័ទជិតឆ្ងាយដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនក្នុងការជួយកសាងនៅសាលាពុទ្ធិកសិក្សា ដើម្បីបានជាប្រយោជន៍ដល់ការសិក្សារបស់សមណសិស្ស និងបានចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានការរីកចម្រើនខ្លាំងខ្លាឡើងបន្ថែមទៀត តាមរយៈការពង្រឹងតួនាទីភារកិច្ចដឹកនាំការគ្រប់គ្រងការពង្រឹងពង្រីកចំណេះដឹងពិសេសក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត បានកាន់តែរឹងមាំនិងមានប្រសិទ្ធភាព។
ព្រះអង្គបន្តថា រាលសមិទ្ធផលទាំងអស់ ដែលសម្រេចបានជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនាគឺមានទំហំធំធេងដូចជា សាលាពុទ្ធិកសិក្សាមួយខ្នងនេះ គឺជាកន្លែងបណ្ដុះនូវបញ្ហាញាណ ជាថ្នាលបណ្ដុះនូវធនធានមនុស្សយ៉ាងពិតប្រាកដ ។ ចុងក្រោយសម្ដេចក៏បានក្រើនរំលឹកដល់គ្រប់បណ្តាទីវត្តអារាមទាំងអស់ត្រូវធ្វើការអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដែកក្រសួងធម្មការនិងសាសនាបានដាក់ចេញនូវអភិក្រមសបី រួមមានស១ វត្តស្អាត សំដៅលើបរិស្ថានស្អាតអនាម័យល្អ ស២ វត្តស្វាង សំដៅលើទីកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការអប់រំ ដុះខាត់និស្ស័យ ស៣ វត្តស្ងប់ ជាទីកន្លែងគ្មានអធិករណ៍ឬជម្លោះ។ បញ្ចប់នៃកម្មវិធីគណៈអធិបតីបានប្រគេន នូវបណ្ណសរសើរដល់សមណសិស្សជ័យលាភី នឹងប្រគេនបណ្ណថ្លែងអំណរគុណ ដល់គណៈសទ្ធា ចែកក្រណាត់ ស ដល់តាជីយាយជីចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលបានចូលរួម ម្នាក់ៗទទួលបាននូវសារុងមួយ ថវិកាមួយម៉ឺនរៀល លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួម ទទួលបានអាវមួយ និងពិធីកាត់ខ្សែបូដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាពុទ្ធិកសិក្សានាឱកាសនោះផងដែរ៕