រថយន្តធុនធំ និងម៉ូតូ បុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ នៅស្រុកមង្គលបុរី

ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿននៅទីប្រជុំជន់ ពិសេសចំណុចរង្វង់មូលថែមទៀត បណ្ដាលឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំបានបុកម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី ពីរនាក់ សង្ស័យប្ដីប្រពន្ធរងរបួសធ្ងន់ ត្រូវបានដឹកបញ្ចូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យកម្ពុជា-ជប៉ុនភ្លាមៗ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទីថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតភូមិ.ឃុំឫស្សីក្រោយ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនជួបគ្រោះថ្នាក់ចរាចរណ៍គេបានឃើញរថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 3A-3400 បើកបរក្នុងទិសដៅពីខេត្តបាត់ដំបង ចូលខេត្តបន្ទាយមានជ័យក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចរង្វង់មូលផ្លូវបំបែកជាច្រើននោះ ក៏ស្រាប់តែមានម៉ូតូម៉ាកស្កូពី ពណ៌ក្រហម មួយគ្រឿងជិះគ្នាពីនាក់បើកបរក្នុងទិសដៅពីខេត្តសៀមរាប ឆ្លងកាត់ចូលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មកចេញបត់នៅចំណុចរង្វង់មូលខាងលើ ក្នុងគោលបំណងទៅខេត្តបាត់ដំបង ក៏ស្រាប់តែរថយន្តបុកពេញទំហឹង ដោយកិនពីលើម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រីពីរនាក់ សង្ស័យប្ដីប្រពន្ធ ខ្ទាតអូសជាច្រើនម៉ែត្រ រងរបួសធ្ងន់ធ្ង បែកក្បាលហូរឈាម និងបាក់ចង្កេះ ដៃ ជើង ត្រូវបានដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកម្ពុជា–ជប៉ុនភ្លាមៗ ។
មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកដែលបានចុះទៅជួយអន្តរាគមន៍និងវាស់វែងនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធជាអ្នកខេត្តសៀមរាប មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺផ្ដើមចេញពីការបើកបរខ្វះការប្រុងប្រយ័ត្ន ដោយបើកក្នុងល្បឿនលឿននៅក្នុងទីប្រជុំជន ។ក្រោយពីកើតហេតុធ្វើការវាស់វែងរួចមធ្យោបាយបង្កហេតុទាំងអស់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ នាំយកទៅរក្សាទុកទៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី រង់ចាំដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕