ព័ត៌មានជាតិ

យុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយគិតចាប់តាំងពីថ្ងៃបើក រហូតដល់ថ្ងៃបិទបញ្ចប់ គឺប្រព្រឹត្តទៅដោយរលូន

ខេត្តបន្ទាយមានជ័យ៖តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបិតបញ្ចប់នៃយុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានបញ្ចប់ទៅយ៉ាងរលូន ក្នុងលទ្ធផលល្អ ១០០% ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ទៅតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតស្នងការនគរបាលជាតិ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត យើងបានចាប់ផ្ដើមចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយរហូត ដល់ថ្ងៃបិទនៃយុទ្ធនាការនៃការឃោសនារកសន្លឹកឆ្នោត ត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ។ បរិយាកាសនៃការឃោសនារកសន្លឹកឆ្នោតនេះ បានបញ្ចប់ទៅដោយសិទ្ធិសេរីភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង គ្មានការរើសអើង សន្តិសុខល្អ សណ្ដាប់ធ្នាប់មានរបៀបរៀបរយល្អ រួមទាំងគ្មានបទល្មើសព្រហ្មទណ្ឌ ដែលបង្ករធ្វើការរំខាន ដល់ការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយទេ ។ មានន័យថា សុវត្ថិភាពទាំងក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក រហូតដល់ខេត្តទាំងមូល គឺ ល្អ ១០០% ។

លោកបន្តថា ការប្រើប្រាស់កម្លាំង ក្នុងការការពារ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ នេះ យើងបានប្រើប្រាស់កម្លាំងសរុប ចំនួន១៦២៤នាក់ ក្នុងនោះយើងក៏មានកម្លាំងប្រជាការពារដែលបានចូលរួមជាមួយកងកម្លាំងនគរបាល ចំនួន១៨៣នាក់ផងដែរ ។ ដែលយើងប្រើប្រាស់ទៅលើការិយាល័យបោះឆ្នោតទូទាំងខេត្តបន្ទាយមានជ័យ មានចំនួន ១១១៩ ការិយាល័យ ដើម្បីធានាអោយបាន នូវសន្តិសុខ និងសុវត្ថិភាពល្អ ជូនការិយាល័យបោះឆ្នោតនីមួយៗ ហើយកម្លាំងនគរបាលរបស់យើង ក៏នៅតែអនុវត្តបន្ត ដោយយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចការការពារនៃដំណើរការការបោះឆ្នោត រហូតដល់ថ្ងៃបិទបញ្ចប់នៃការបោះឆ្នោត រាប់សន្លឹកឆ្នោត ធ្វើយ៉ាងណាដាច់ខាតត្រូវធានាឲ្យបាន នូវសុវត្ថិភាព សន្តិសុខឲ្យបានល្អបំផុត ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការការពារនៃហិបឆ្នោត សន្លឹកឆ្នោត ក៏ដូចជាទឹកខ្មៅ និងទីតាំងសិច ដែលបានរៀបចំដាក់នូវសម្ភារៈ នៃការបោះឆ្នោតនេះ គឺថា យើងបានធានានូវការដឹកជញ្ជូន និងការរក្សាទុកយ៉ាងល្អ មុននឹងចែកជូនដល់ការរិយាល័យនីមួយ ៗ ដោយទទួលបានការទុកចិត្តពី គ ជ ប មកលើកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរបស់យើង ១០០% ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button