ឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងករណីឃាតកម្ម សម្លាប់មនុស្សមួយគ្រួសារ០៥នាក់ នៅស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ពិតជាឈាមស្រែកស្បែកហៅមែន ជនសង្ស័យចំនួន៦នាក់ក្នុងករណីសម្លាប់មនុស្សមួយគ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយចោទប្រកាន់ក្រុមគ្រួសារជនរងគ្រោះថា ចេះអំពើអាបធ្មប់នោះ ត្រូវកម្លាំងនគរបាលបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់បានជាបន្ដបន្ទាប់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើសកម្មភាពកាលពីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងអង្គការការពារកុមារ CPU ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។
ជនដៃដល់ទាំង៦នាក់ដែលត្រូវឃាត់ខ្លួននោះរួមមាន៖
១– ឈ្មោះ ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង (ជនដៃដល់)
ទី២– ឈ្មោះ រឹម ធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់)
ទី៣– ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់)
ទី៤– ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង (ជនដៃដល់)
ទី៥– ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិព្នង (អ្នកបញ្ជាឲ្យសម្លាប់)
ទី៦– ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (អ្នកបញ្ជាឲ្យសម្លាប់)។
លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ និងលោកវរសេនីយ៍ឯក ហែម បូណា បានបញ្ជាក់ដូចគ្នាថា ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព បាញ់ និងវាយសម្លាប់ទៅលើជនរងគ្រោះ ទាំង០៦នាក់ប្រាកដមែន ដោយមូលហេតុសារគំនុំ រឿងចោទប្រកាន់ក្រុមគ្រួសាររងគ្រោះថា បានធ្វើអំពើ អាបធ្មប់ មកលើគ្រួសារខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ផ្តន្ទាទោសតាមច្បាប់៕