ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៩ អាណត្តិទី៣ នៅសាលាខេត្តកណ្ដាល
ខេត្តកណ្តាល៖ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤៩ អាណត្តិទី៣ នៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ជំរុញនិងលើកទឹកចិត្ត ដល់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តខិតខំបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ជាពិសេស ត្រូវខិតខំបន្តដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យ។
ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឱ្យរស់នៅប្រកបដោយសុខសុវត្តិភាព មានការអភិវឌ្ឍ និងរីកចំរើន កសាងបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតសម្រាប់ខេត្តទាំងមូល។
ជាងនេះទៅទៀតឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្មើដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុកស្អាង ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាកសិករ អំពីការដាក់ពាក្យស្មើសុំប្រើប្រាស់អគ្គីសនីតំលៃពិសេស សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដើម្បីជួយសម្រួលដល់ផលប្រយោជន៍របស់ពួកគាត់ក្នុងវិស័យកសិកម្មកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានជំរុញដល់អាជ្ញាធរក្រុង–ស្រុកទាំង១៣ ត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលដ្ឋ ឱ្យចូលរួមបង់ថ្លៃ លើសេវាប្រមូលសំរាមនៅតាមមូលដ្ឋានខ្លួន ដើម្បីជួយជំរុញឱ្យការងារប្រមូលសំរាម ប្រព្រឹត្តិទៅបានល្អ អាចប្រមូលសំរាមបានអស់ពីមូលដ្ឋានផងដែរ៕