ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះ​ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញ​ញត្តិគាំទ្រចំ​ពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើ​មដ៏ខ្ពង់ខ្ពស់រ​បស់ស​ម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធស​ភានៃព្រះរាជា​ណាចក្រកម្ពុជា។ នេះបើ​យោងតាមការបង្ហោះក្នុងផេកផ្លូវការរ​បស់ឯកឧត្តមអភិសន្តិបណ្ឌិត នាព្រឹក​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ក្នុងញត្តិគាំទ្រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​គូស​បញ្ជាក់យ៉ាងដូច្នេះថា ក្នុងថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ​នៃក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រយ៉ា​ងពេញទំហឹងចំពោះ​ការអនុវត្តគម្រោងព្រែ​កជីកហ្វូណន​តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរ​បស់សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រកម្ពុជា ហើយ​បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាន​នាពេលអនាគត។

ក្នុងញត្តិគាំទ្រដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា គម្រោងព្រែកជី​កហ្វូណ​នតេជោនេះតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រ​យោជន៍ដ៏មហាសាលដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា ៖ កាត់បន្ថយពេ​លវេលា ចម្ងាយ កាត់បន្ថយតម្លៃដឹកជញ្ជូន ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវានិងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ បង្កើត​តំបន់ពា​ណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរ​ណបថ្មីៗជា​ច្រើន ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្មនិងចិញ្ចឹមសត្វ ជួយរំដោះទឹក​ជំនន់ក្នុងរ​ដូវវ​ស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក ជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម ជំរុញការរីកចម្រើនអចលនទ្រព្យនិងការវិនិយោគ និងបង្កើនឱកាសការងារផ្សេងៗ។ល។ និយាយ​ជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺសម្រាប់បម្រើផលប្រ​យោជន៍សេដ្ឋកិច្ចសង្គម​សុទ្ធ​សាធ។

ជាចុងក្រោយនៃញត្តិគាំទ្រដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា យើងខ្ញុំ​ទាំង​អស់គ្នា សូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ព្រមទាំងសូមប្រកាស​គាំទ្រយ៉ាង​ពេ​ញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិជាតិខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិ​ទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុល​សុ​ខ បវរមហាប្រសើរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ​ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួ​សារ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Screenshot

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button