ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន អនុញ្ញាតឱ្យប្រតិភូ​យោធា​ថៃ ខេត្ត​ចាន់បុរី ចូល​ជួបស​ម្តែងការគួរសម និងពិ​ភាក្សា​ការ​ងារ

ប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាល ​នៃគណៈអ​ភិបាលខេត្តប៉ៃលិន ​នាថ្ងៃទី១៧ ខែ​មករា ឆ្នាំ២​០២៣ បានអនុញ្ញា​តឱ្យប្រ​តិភូ​យោ​ធាថៃ ដែ​លដឹក​នាំ​ដោយ លោកវរ​សេនីយ៍ទោ ម៉ៃទ្រី ប៊ុត​ប៊ូរី (Mr. Maitree​ Butburi) មេបញ្ជាកា​រសឹករងខេត្ត​ចាន់បុរី នៃព្រះ​រាជាណាចក្រថៃ ចូលជួ​បសម្តែងការគួរសម និងពិ​ភាក្សាការងារ នៅសា​លាខេត្តប៉ៃលិន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចស​ហប្រតិប​ត្តិការល្អរ​វាងខេត្ត​ទាំង២ (ប៉ៃលិនចាន់បុរី)

នាឱកាសនោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានមា​នប្រសាសន៍កោ​តសសើរ ​និង​ថ្លែ​ងអំ​ណរគុណ ​ចំពោះកង​កម្លាំង​យោធាថៃ ខេត្តចាន់​បុរី ដែល​កន្លងមក​បានពង្រឹង​ចំណងមិត្តភាព និង​កិច្ចស​ហប្រតិបត្តិកា​រល្អរវាង​ខេត្តទាំង២ ដោយរក្សា​បាននូវស​ន្តិសុខសណ្តា​ប់ធ្នាប់តាម​បណ្តោ​យព្រំដែន និង​បម្រើឱ្យផ​លប្រយោជ​ន៍របស់ប្រជាជន និ​ងប្រទេសទាំង​ពីរដោយស្មើភាព និង​ស្មោះ​ត្រង់ ​ហើ​យ​ជា​ក់ស្តែង​នាពេលកន្លង​មក បើ​ទោះបី​នៅ​ក្នុងកាលៈទេសៈ​នៃការរីករាលដា​លនៃជំងឺកូវីដ​១៩ ក៏​ស​កម្មភាពការ​ទំនាក់ទំនង និង​កិច្ចសហការ​នានា រវាងខេត្តទាំងពីរ នៅតែមាន​ដំណើរកា​រធម្មតា ។

លោកជំទាវអភិបាលខេត្ត បាន​មានប្រសា​សន៍លើកឡើងថា៖ ​«ប្រទេសយើងទាំង២ មានយន្ដកា​រកិច្ចស​ហប្រតិ​បត្តិការជាច្រើន ដើ​ម្បីពង្រឹង​កិច្ចសហ​ប្រតិបត្តិកា​ររវាងប្រទេស​ទាំង២ ដូចជា​គណៈ​កម្មាធិការ​ព្រំដែនទូទៅកម្ពុជាថៃ (GBC) ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង ២ ជាប្រធាន និងគ​ណៈកម្មាធិកា​រកំណ​ត់ព្រំដែនកម្ពុជា-​ថៃ(JBC) ព្រមទាំង​ការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីព​ង្រឹងកិច្ចស​ហប្រតិប​ត្តិការ និងមិត្តភា​ព និងដោះស្រាយបញ្ហាតា​មព្រំដែនរវាងប្រទេសទាំង២» ហើយ​ជាក់ស្តែងនាពេលកន្លងមក កងទ័ពនៃប្រទេសទាំងពីរ កម្ពុជាថៃ គឺជាអ្នកនាំមុខក្នុង​ការដោះ​ស្រាយបញ្ហាផ្សេងៗ ដើម្បីនាំ​មកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងការអ​ភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃ ប្រទេសទាំងពីរ កម្ពុជាថៃ។

នៅក្នុង​ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះរា​ជរដ្ឋាភិ​បាល ប្រជាជន និងកងទ័ពថៃ ដែលបា​នផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការ​សម្របសម្រួលយ៉ាង​កក់ក្តៅ ជូនដ​ល់ប្រជាពល​រដ្ឋខ្មែរ ដែលរស់​នៅតាមប​ណ្តោយព្រំដែន ព្រមទាំង​ប្រជាពលករខ្មែរដែលរស់នៅ និងកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្នុងអំ​ឡុងពេ​លមាន​ការរាតត្បា​តនៃជំងឺ​កូវីដ១៩ ដែលនេះបានបង្ហាញពីចំណងទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហ​ប្រតិបត្តិកា​រល្អ រវាងប្រទេសទាំង២ ។

ជាការឆ្លើ​យតប លោកវរសេ​នីយ៍ទោ ម៉ៃទ្រី ប៊ុតប៊ូរី (Mr. Maitree Butburi) មេបញ្ជាការសឹ​ករងខេត្តចា​ន់បុរី នៃព្រះរាជាណា​ចក្រថៃ បាន​មានប្រសាសន៍ថ្លែងអំ​ណរគុណ ចំពោះរដ្ឋបាល​ខេត្តប៉ៃលិន ដែល​បានគាំទ្រដ​ល់ការបន្ត​ពង្រឹងកិច្ចសហប្រតិប​ត្តិការយោធា នៃប្រទេ​សទាំងពីរ អោយកាន់​តែបន្តរីក​ចម្រើនទៅមុខ ដូច​ដែលបានឆ្លុះបញ្ចាំង​តាមរយៈ សមិទ្ធផលសំខាន់ៗ ដែលកងទ័ពខេត្ត (ប៉ៃលិនចា​ន់បុរី) សម្រេច​បានក្នុងរយៈកាលកន្លងម​កនេះ ទាំងកិច្ចសហការល្អ រវាងប​ណ្តាកងឯកភាពជួរមុខ នៅតាម​បណ្តោយ​ព្រំដែន, ការភ្ជាប់ទំនាក់ទំនង ​រវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជា​លក្ខ​ណៈបុគ្គល ​ដើម្បីជួយព​ង្រឹងដ​ល់ការ កសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនា ស្គាល់​គ្នាទៅវិ​ញទៅម​កឱ្យបានស្អិតរមួត។

លោកមេបញ្ជា​ការក៏​បានមានប្រសាសន៍លើក​ឡើងផងដែរ អំពីការខិតខំចូលរួមចំណែក របស់ក​ងកម្លាំង នៃខេត្ត​ទាំងពីរ ក្នុងការ​កសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិ​វឌ្ឍន៍ និងបានបញ្ជាក់​ថា សន្តិភាព ​សន្តិសុខ និងស្ថិរភាព​នៅតាមបណ្តោយព្រំដែន គឺពិតជា​បាន​បង្កលក្ខណៈ ដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែក យ៉ាងសំខា​ន់ក្នុងកា​របង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!