អាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តថ្មគរអន្លង្សា ក្នុងឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ធ្វើបុណ្យអង្កកឋិនទានមហាសាមគ្គី ដង្ហែនិងវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស

ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃរដូវកាលបុណ្យកឋិនទាននាឆ្នាំ២០២២ដែលសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រីប្រជាពុទ្ធបរិស័ទទាំងអស់ កាន់សាសនាព្រះពុទ្ធបានញ៉ាំងសទ្ធាជ្រះថ្លា មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើបុណ្យកឋិនទានក្នុងគោលបំណងអនុមោទនាយកផល្លានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លាតាមឧបនិស្ស័យរៀងៗខ្លួន ដើម្បីដង្ហែរតាមយុគលបាទ និងឧន្ទិសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ដើម្បីព្រះអង្គបានទៅកាន់ព្រះនិព្វាន ហើយយើងទាំងអស់គ្នាបានរួចផុតចាកទុក្ខដូចព្រះអង្គផង ជាពិសេសបានប្រមូលបច្ច័យតំកល់កសាងសមិទ្ធិផលនានាក្នុងវត្ត និងបានផ្គត់ផ្គង់ដល់ព្រះសង្ឃរៀនសូត្របន្ត។
និយាយដោយឡែកនាថ្ងៃសៅរ៍ អាទិត្យ ១២,១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស 2566 ត្រូវនឹងថ្ងៃទី២២ – ២៣ ខែតុលា ឆ្នាំ២០២២ អាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តថ្មគរអន្លង្សា ក្នុងឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ធ្វើធ្វើបុណ្យអង្កកឋិនទានមហាសាមគ្គីមួយ ដង្ហែនិងវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តថ្មគរអន្លង្សានេះ ដើម្បីប្រមូលបច្ច័យទុកសំរាប់កសាងសមិទ្ធិផលនានាក្នុងវត្ត ជាក់ស្តែងព្រះវិហារដ៏ថ្មីស្រឡាងនេះ គឺជាការផ្ដួចផ្ដើមជួសជុលឡើងវិញ ដោយមានការជួយឧបត្ថម្ភធំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ កូនៗនិងចៅ ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ឯកឧត្តម អោម ចន្ថា និងលោកជំទាវព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើឲ្យព្រះវិហារនេះក៏កើតឡើងវិញ ពីដើមឡើយមានការទ្រុឌទ្រោមខ្លាំង។
ព្រះគ្រូ នេត្តមុនី អ៊ុច សារិទ្ធ បជ្ជោតោ អនុគណស្រុកព្រះនេត្រព្រះព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា បុណ្យកឋិនទានសាមគ្គីដែលបានឧប្បត្តិឡើង នាពេលនេះគឺជាទានដ៏ប្រសើរវិសេសវិសាលមួយ ដែលផុសចេញពីទឹកចិត្តដិតជាប់ បសាទសទ្ធា ក្លៀវក្លាបរិសុទ្ធ សម្បយុត្ត ដោយប្រាជ្ញាជាអសង្ខារិកៈរបស់យើងទាំងអស់គ្នា ដោយយើងជាម្ចាស់ដើមទានប្រធានបុណ្យនៃអង្គកឋិនទានទាំងអស់បាន និងកំពុងញ្ញំងកុសលចេតនាជ្រះថ្លា ឱ្យផុលផុសចេញជាឧត្ថមទានមួយអង្គកឋិនទានមហាសាមគ្គី ជាទានមានផល្លានិសង្សយ៉ាងវិសេសវិសាលមួយក្នុងព្រះពុទ្ធសាសនា។ ហើយម្ចាស់អង្គកឋិនទានទាំងអស់បានចំណាយទ្រព្យធន បានកសាងឲ្យកើតជាបុណ្យកឋិនទាននេះឡើង ដើម្បីនាំយកនូវត្រៃធីវរថវិកាមកវិញប្រគេន ចំពោះព្រះភិក្ខុសង្ឃនាថ្ងៃនេះមានគោលបំណងសំខាន់ៗដូចជា សំដែងនូវការដឹងគុណនិងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តមលោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ធ្វើឱ្យយើងទាំងអស់គ្នាមានបីតិសោមនស្សរីករាយឥតឧបមា និងរកអ្វីមកបដិការ ឱ្យសមនឹងព្រះទ័យទឹកចិត្តដ៏សប្បុរសនេះបានទេ មានតែមហាកុសលផលបុណ្យ សុន្ទរ៍ទានចេញពីទង្វើដ៏ល្អ។ ក្នុងកម្មវិធីបុណ្យនេះសូមព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់បណ្ដោះចេញបណ្ដេញចោល នូវបាបកម្មប្រចាំកាយ ស្រាយដោះទុក្ខសោករាគរោគ វិនាសខ្ចាត់ខ្ចាយ ឧបទ្រពចង្រៃក្ស័យអស់ រលាស់ផុតពីសន្តាប្រាណជរា សូមភពប្រសព្វជួបប្រទះតែ និងជ័យជំនះគ្រប់ភារកិច្ចនិងសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រកា កុំបីឃ្លាតទៅជាបការៈដទៃឡើង។
គួរបញ្ជាក់ថា បច្ច័យក្នុងពិធីបុណ្យកឋិនទាននេះសរុប ថវិកា 16,103,500រៀល ប្រាក់បាត 119,640 បាត និងលុយដុល្លារ 390ដុល្លាសហរដ្ឋអាមេរិច ៕