ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ត្រៀមផែនកា​រការពា​រសន្តិសុខស​ណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អា​ណត្តិទី៤

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើ​កកិច្ចប្រជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ដំ​ណើរការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាង​មុខ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ  បានមាន​ប្រសាសន៍លើកឡើងថា៖ ការងារសន្តិសុខសុវត្ថិភាព និងស​ណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ ដើម្បីអោយបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវ អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំ​ងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយស្រប​តាមច្បាប់រដ្ឋ​ធម្មនុញ្ញ និងច្បាប់​របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត  ដើម្បីធានាបាននូវ​សន្តិសុ​ខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគ​ណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយក​បាននូវលទ្ធផ​លនៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។

លោកជំទាវបណ្ឌិតប្រធា​នគណៈបញ្ជាការឯកភាពខេត្ត ក៍បានមានប្រសាសន៍​ជំរុញដល់កងក​ម្លាំងទាំង ៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្ម​ការរៀបចំ​ការបោះឆ្នោត រៀបចំធ្វើផែនការជាក់លាក់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋាន​របស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសកម្លាំងប្រចាំការត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅ នៃក្រុង ស្រុក ឃុំ/សង្កាត់ និងកម្លំាងនគរបាលការពារ នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ ផ្អែកតាមផែនការ ដែលបានកំណត់ ។

នៅក្នុងឱ​កាសនោះផងដែរ លោកជំទា​វបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនា​ញជុំវិញ​ខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមក បានបំពេញការងារតា​មតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិត​ខំអនុវត្តន៍ការ​ងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងក​សាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផ​លប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុក​ដាក់ខ្ពស់​ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបា​នឆាប់រ​ហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន គឺមានការិយាល័យបោះឆ្នោត ចំនួន ២ នៅក្រុងប៉ៃលិន ១ការិយាល័យ និងនៅស្រុកសាលាក្រៅ ១ការិយាល័យ ដោយមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ និងមានអសនៈ ក្រុមប្រឹក្សាខេត្ត ចំនួន ១៥, ក្រុមប្រឹក្សាក្រុងប៉ៃលិន ១៥ និងក្រុម​ប្រឹក្សាស្រុក​សាលាក្រៅ ១៥ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button