ស្នងការនគរបាលខេត្តបន្ទាយជ័យ អំពាវនាវដល់ម្ចាស់និងតំណាង រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ទាំងអស់ត្រូវចូលរួមសហការណ៍ផ្តល់ព័ត៌មាន ស្តីពីស្ថិតិការស្នាក់នៅនិងធ្វើការរបស់ជនបរទេស
![](https://www.kmctvonline.com/wp-content/uploads/2022/10/photo_2022-10-17_16-54-17-2-780x470.jpg)
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយជ័យ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រង វត្តមានជនបរទេស ដល់លោក លោកស្រី ម្ចាស់រោងចក្រ សហគ្រាស់ ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ នៅស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ បានឡើងអានលិខិតបទដ្ឋានគតិយុត្តិ –សេចក្តីណែនាំស្តីពីការគ្រប់គ្រងជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា លេខ០២៨ សណន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ។–សេចក្តីជូនដំណឹង ស្តីពីការអនុវត្តន៍ វិធានការមិនផ្តល់ទិដ្ឋាការបន្តរយ:ពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាដែលគ្មានឈ្មោះ ក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) លេខ០១៨៣ សជណ/អ.អ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
–ប្រកាសអន្តរក្រសួង ស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ លេខ១៧៥០ប្រក ចុះថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២២ ។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានអំពាវនាវដល់លោក លោកស្រី ម្ចាស់និងតំណាង រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ទាំងអស់ត្រូវចូលរួម សហការណ៍ផ្តល់ព័ត៌មាន ស្តីពីស្ថិតិនិងការស្នាក់នៅរបស់ជនបរទេស ដែលកំពុងធ្វើការ និងធ្វើអាជីវកម្ម ឬស្នាក់នៅតាមទីតាំងអាជីវកម្មរបស់លោកអ្នក ដើម្បីសមត្ថកិច្ចជំនាញងាយស្រួលក្នុងអនុវត្តន៍ការងារ និងគ្រប់គ្រងជនបរទេស និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ក្នុងសង្គម។
លោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានចេញនូវបទបញ្ជាយ៉ាងក្តៅគគុក ស្តីពីការគ្រប់គ្រងជនបរទេស ជាអន្តោប្រវេសន៍ ដែលមកស្នាក់នៅប្រកបអាជីវកម្មផ្សេងៗទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ គិតឡើងទាំងការផ្តល់លិខិតឆ្លងដែន ទិដ្ឋាការកាងារ និង ទេសចរណ៍។ក្នុងករណីបើរកឃើញថា មានការលាក់បាំង ឬផ្តល់ទីតាំងឲ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ សមត្ថកិច្ចជំនាញអនុវត្តន៍ ធ្វើការផាកពិន័យ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕