លោក សេង ធារិន អញ្ជើញជួបសំណេះសំណាល ជាមួយសកម្មជន មកពីគណបក្សបីផ្សេងគ្នា ចំនួន៧រូប ដែលបានស្ម័គចិត្តវិលត្រឡប់មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
![](https://www.kmctvonline.com/wp-content/uploads/2022/05/photo_2022-05-18_11-06-12-2-780x470.jpg)
(បន្ទាយមានជ័យ)៖នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក សេង ធារិន បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ ជួបសំណេះសំណាល ពិនិត្យសុខភាព, ចែកវ៉ែនតាមនុស្សចាស់, ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទៅ និងលើកស្លាកគណបក្សទីស្នាក់ការបក្សឃុំ ស្ថិតនៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រះព្រះ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរលោក សេង ធារិនបានបញ្ជាក់ជូនថា បច្ចុប្បន្ន ប្រជាពលរដ្ឋគ្រប់រូប រួមទាំងសកម្មជនបក្សប្រឆាំងផង ពិតជាមានសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្វែងរកជំនួយ និងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ ព្រះសង្ឃ និងជនបរទេសដោយឥតគិតថ្លៃ ធានាបាននូវសុខសុវត្ថិភាព សុខភាពសាធារណៈ ដែលជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ជាពិសេស ក្រោមម្លប់សុខសន្តិភាព ដែលជាមរតកមិនអាចកាត់ថ្លៃបាន ។
ជាមួយគ្នានោះដែរលោ សេង ធារិន ក៏បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សកម្មជនមកពីគណបក្សបីផ្សេងគ្នា ចំនួន៧រូប ដែលបានស្ម័គចិត្តវិលត្រឡប់មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានពាក់អាវ គណបក្សប្រជាជនកម្ពុជា ក្រោមស្នាមញញឹមប្រកបដោយភាពជឿជាក់។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមសរុប៤៥២នាក់ បានមកទទួលសេវា ពិនិត្យសុខភាព ទទួលឱសថ ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងទទួលវ៉ែនតាមនុស្សចាស់ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ។
ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី ក្រុមការងារចុះជួយឃុំ ស្រុក សភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន។ បន្ទាប់ពីពិធីសំណេះសំណាល លោក សេង ធារិន និងក្រុមការងារ បានអញ្ជើញលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការបក្សឃុំទំហំ ៤ម៉ែត្រ×៨ម៉ែត្រ ចំនួន១ផ្ទាំង និងប្រគល់ស្លាកគណបក្សជូនលោកមេបក្សភូមិទាំង១២ផងដែរ ៕