ចេញផ្សាយនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយមនុស្សធម៌ជា ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីសប្បុរសជននានា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
តាំងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏មានតម្លៃ ក្នុងការចូលរួមការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាឱកាសនេះ ហើយលោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានសន្យាថា សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក៏បានអំពាវនាវចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជាខាងមុខនេះ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយលោកជំទាវបណ្ឌិតប្រធាន សង្ឃឹមយ៉ាងមុតមាំថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកា សម្ភារៈ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ពុំខានឡើយ៕