ចេញផ្សាយនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥
ខេត្តព្រៃវែង៖ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។
បើតាមរបាយការណ៍លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ សមិទ្ធផលដែលសម្ពោធនាឱកាសនោះ រួមមាន៖ ឧបដ្ឋានសាលា ១ខ្នង សង់ពីបេតុង ប្រក់ក្បឿងក្បាច់ ក្លោងទ្វារវត្ត ១កន្លែង កុដិឈើ ១ខ្នង ផ្ទះបាយ ១ខ្នង អាស្រម តាពៅ លោកយាយទេព ២កន្លែង វិជ្ជកុដិ ១ខ្នង ផ្លូវបេតុងអាមេ ១ខ្សែ និងចាក់ដីបំពេញទីធ្លាក្នុងវត្តពានរោង ចំណាយអស់ថវិកាជាង ១២០០លានរៀល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងជាពិសេសព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការ លោកតាអាចារ្យវត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកស្វាយអន្ទរ ដែលបានដឹកនាំ និងចូលរួមសហការយ៉ាងស្អិតរមួតក្នុងការសាងសង់សមិទ្ធផលជាច្រើនដែលសម្រេចបាន និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកនូវអនុសាសន៍ផ្តាំផ្ញើសួសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុករបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ ដែលជាគ្រឹះ និងជាទំពាំស្នងឫស្សី ជាយុវជនត្រូវបន្តវេននៅក្នុងសង្គម ស្របពេលដែលប្រទេស កំពុងតែមានសុខសន្តិភាពពេញលេញ ប្រកបដោយសក្តានុពលខ្ពស់ ដើម្បីបន្តពង្រឹងនិងពង្រីកកំណើនសេដ្ឋកិច្ច ដែលជាគោលដៅរួមក្នុងឆ្នាំ២០៣០ កម្ពុជានិងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តដល់ឆ្នាំ២០៥០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ជាមួយគ្នានោះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងអំពីបញ្ហាក្មេងទំនើង ថ្វីត្បិតតែមួយរយៈនេះមានការថយចុះក៏ពិតមែន ក៏នៅតែជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ និងមិនអាចមើលស្រាលស្ថានការបានឡើយ ព្រោះការថយចុះនូវករណីក្មេងទំនើងនេះ គឺមិនទាន់ដល់ចំណុចដែលគ្រប់គ្នាចង់បានឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ដែលក្នុងនោះទាមទាឱ្យមានការចូលរួមពីសំណាក់អាណាព្យាបាល សហការជាមួយសមត្ថកិច្ច ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ព្រោះបញ្ហាគ្រឿងញៀននេះ មិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ គឺត្រូវរួមគ្នាពួតដៃទប់ស្កាត់ បង្ការ និងបង្រ្កាបទើបការងារនេះ ទទួលបានជោគជ័យដ៏ធំធេង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់រដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឱ្យបន្តយកចិត្តទុកដាក់ឆ្លើយតបដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ពិសេសប្រជាជន ដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព និងងាយរងគ្រោះ និងត្រៀមលក្ខណៈ ទាំងធនធាន និងមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ដូចជា៖ ភ្លៀង ផ្គររន្ទះ គ្រោះអគ្គិភ័យ ទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនូវ “គោលនយោបាយភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព” ជាពិសេសត្រូវបន្តបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងជាដើម ព្រមទាំងបន្តជំរុញការងារបញ្ជាក់អត្តសញ្ញាណកម្ម ក៏ដូចជាអត្រានុកូលដ្ឋាន ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានតម្រូវការប្រើប្រាស់៕