ព័ត៌មានជាតិ

ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌”

ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ំុ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីរ អស់លោក លោកស្រី ស្ថាប័ន អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឡើងរាយការណ៍ ពីរស្ថានភាពភូមិសាស្ត្ររួចមក លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានឡើងអានសារលិខិត សារាចរណ៍ស្ដីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៣”។ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ ជនមានពិការភាពប្រមាណ ១,៣ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃចាប់ពីឆ្នាំ ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្ដោតសំខាន់លើសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាពនឹងគ្រប់វិស័យក្នុងសង្គមរួមមាន សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា។

លោក ឃុន វុទ្ធី បានបន្តថា ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនៅផលវិបាកជាច្រើនរួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាម ក៏បានបន្សល់ទុកនៅគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយ ពាសពេញផ្ទៃប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។

ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឲ្យមានពិការភាពដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ធ្វើឱ្យប្រទេសកម្ពុជា បន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ។ក្នុងនោះដែរ ការងារសន្តិសុខ សណ្តាប់ធ្នាប់ គឺមានលក្ខណៈល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ខ្ពស់និងជំរុញនូវការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធ្វើឱ្យគ្រប់រូបភាពនៃបទល្មើស មានការថយចុះ និងបង្ក្រាបបានទាន់ពេលវេលា។

ឯកឧត្តម អ៊ំុ រាត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព បានប្រារព្ធពិធីដ៏មានអត្ថន័យ ដែលធ្វើឲ្យពួកគាត់កាន់តែមានក្ដីសង្ឃឹម និងជឿជាក់លើថ្នាក់ដឹកនាំដែលមិនទុកឲ្យគាត់រស់នៅដោយឯកោ និងស្លាប់ដោយសារគ្មានបាយហូបនោះឡើយ។
ជាចុងក្រោយគណៈអធិបតីក៏បានចែកអំណោយជូនដល់ ជនមានពិការភាពសរុបចំនួន ៣២០ នាក់ ក្នុងនោះក្រ១ ចំនួន 200 នាក់ ក្នុងមួយនាក់ៗទទួលបាន ថវិកា ២៤ ម៉ឺនរៀល និងសារុងចំនួន ១ ក្រ២ ចំនួន ១២០នាក់ ក្នុងមួយនាក់ៗទទួលបាន ថវិកា ១២ ម៉ឺនរៀល និងសារុងចំនួន ១ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button