លោកស្រី សាម ចាន់ និងក្រុមគ្រួសារបន្តស្នើសុំដោះស្រាយតាមគោលនយោបាយមនុស្សធម៌ ខណៈខ្លួនមិនទាន់ទទួលបានសមស្រប(មានវីដេអូរ)
ខេត្តសៀមរាប៖ការចុះអនុវត្តសាលដីការរបស់តុលាការខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង៣០នាទីព្រឹក ដែលដឹកនាំដោយលោក ឡុង សារ៉ាត់ អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប និងជាអាជ្ញាសាលាទទួលបន្ទុកអនុវត្តសំណុំរឿងអនុវត្តដោយបង្ខំលេខៈ៦០ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ដោយមានកម្លាំងចម្រុះចូលរួមចុះអនុវត្តតាមសាលដីការលេខៈ១០៦(ជ)ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់តុលាការកំពូលនោះ ត្រូវបានលើកពេល និងបន្តធ្វើការសម្របសម្រួលតាមគោលនយោបាយមនុស្សធម៌ ដោយសារការចុះអនុវត្តនោះមានការប្រទាញប្រទង់គ្នាពីសំណាក់កងកម្លាំងសមត្ថកិច្ច និងគ្រួសាររបស់លោកស្រី សាម ចាន់ (ហៅចៅ យុគចាន់) ព្រមទាំងប្រជាពលរដ្ឋ ។
លោកស្រី សាម ចាន់ បានប្រាប់អ្នកសារព័ត៌មានថា ពួកខ្លួននូវតែបន្តរារាំងមិនឲ្យអនុវត្តលុះត្រាតែទទួលមានការដោះស្រាយតាមគោលនយោបាយមនុស្សធម៌ ឲ្យបានសមស្របណាមួយ ។លោកស្រី បន្តថា ដោយសារតែការរារាំង និងស្នើសុំបន្តការដោះស្រាយតាមគោលនយោបាយមនុស្សធម៌ ពីពួកខ្លួននោះ កងកម្លាំងសមត្ថកិច្ចបានធ្វើការផ្អាកក្នុងការអនុវត្ត និងឲ្យពួកគាត់ចូលខ្លួន ចរចាគ្នាជាថ្មីម្តងទៀត ។
បើយោយតាមកំណត់ហេតុស្តីអំពីការអនុវត្ត របស់សាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ទីតាំងនៃការអនុវត្តស្ថិតនៅក្នុងភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានអានសាលដីការរបស់តុលាការកំពូល,សាលដីការដ្ឋប្បវេណី របស់ សាលាឧទ្ធរណ៍និងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ជូនភាគីទាំងអស់បានស្តាប់។បន្ទាប់ មកអាជ្ញាសាលានៃសាលាដំបូងបានធ្វើការពន្យល់អំពីខ្លឹមសារនៃសេចក្តីសម្រេចនេះ និងបានបង្គាប់ឲ្យសហកូនបំណុលនៃការអនុវត្តឈ្មោះ សាម ចាន់ ហៅចៅ យុគចាន់ និងឈ្មោះ សុច ច្រឹង (ប្តី) ធ្វើការរុះរើអីវ៉ាន់ និងចាក់ចេញពីដី និងផ្ទះ ដែលមានទំហំ១៣ម៉ែត្រ គុណនឹង៥៥ម៉ែត្រ ដោយស្ម័គចិត្តឡើយ ។ដូចនេះ អាជ្ញាសាលានៃសាលាដំបូង សម្រេចទុកពេលឲ្យសហកូនបំណុលនៃការអនុវត្តធ្វើការរុះរើអីវ៉ាន់ និងចាកចេញពីដី និងផ្ទះ ដោយស្ម័គ្រចិត្តរហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ជាកំហិត។ក្នុងករណីដែលសហកូនបំណុលនៃការអនុវត្តពុំព្រមអនុវត្តដោយស្ម័គ្រចិត្តតាមការបរិច្ឆេទនេះទេ អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប នឹងអនុវត្តតាមនិតិវិធី។
លោកស្រី សាម ចាន់ ហៅចៅ យុគចាន់ បានបញ្ជាក់ថា លោកតា ចៅ យ៉ាំ និងប្រពន្ធឈ្មោះ យិត ឡាង យកខ្លួនទៅចិញ្ជឹមនិងរស់នៅលើផ្ទះទំនាស់ខាងលើតាំងពីខ្លួនអាយុ៦ឆ្នាំម្លេះ។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា និងលោកយាយបានរៀបចំមង្គលការឲ្យមានប្តីដែលមានឈ្មោះ សុច ច្រឹង រហូតមានកូនបីនាក់រស់នៅលើដីមានទំនាស់ខាងលើនេះមកដល់បច្ចុប្បន្នជាង៣០ឆ្នាំមកហើយ ដោយបានចុះស្ថិតិស្នាក់នៅត្រឹមត្រូវនិងយាយ តា ពុំបានចែកទ្រព្រសម្បត្តិឬដីធ្លី ផ្ទះសំបែងឲ្យនោះទេ។ចំណែកឈ្មោះ យិត ខាវ ត្រូវជាកូនបង្កើតលោកតា យាយ ដែលជាដើមបណ្តឹងនិងកូនៗផ្សេងទៀតរបស់លោកតា យាយ មិនដែលមករស់នៅលើដី និងផ្ទះទំនាស់នេះទេគឺគ្រាន់តែមកលេងម្តងម្កាលពេលបុណ្យទានប៉ុណ្ណោះ ហើយពួគាត់សុទ្ធសឹងតែមានផ្ទះសំបែងរស់នៅរៀងៗខ្លួន គឺខ្លះនៅភ្នំពេញ ខ្លះនៅសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិច។ស្រាប់តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះ ឃិត ខាវ និងប្រពន្ធឈ្មោះ សោ ប៊ុនណារី (ត្រូវជាកូនបង្កើតនិងងកូនប្រសារលោកតា យាយ បច្ចុប្បន្នរស់នៅខេត្តសៀមរាប) បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប រហូតដល់តុលាការកំពូល។ចុងក្រោយកំពូលសម្រេចប្រគល់ដី និងផ្ទះ ខាងលើឲ្យទៅឈ្មោះ ឃិត ខាវ និងប្រពន្ធឈ្មោះ សោ ប៊ុនណារី អ្នកកាន់កាប់និងគ្រប់គ្រង ។ចំពោះការសម្រេចខាងលើនេះលោកស្រី សាម ចាន់ និងគ្រួសារ មិនជំទាស់នោះទេ ប៉ុន្តែដោយសាររូបខ្លួនបានរស់នៅលើដីនិងផ្ទះនេះ និងបានបម្រើលោកតា យាយ តាំងពីខ្លួនអាយុ៦ឆ្នាំ រហូតបច្ចុប្បន្នជាង៣០ឆ្នាំ ដូច្នេះស្នើឲ្យមានការដោះស្រាយតាមគោលនយោបាយមនុស្សធម៌ ឲ្យទទួលបានសមស្របណាមួយ ។ជុំវិញបញ្ហាខាងលើនេះ រហូតមកដល់ពេលនេះអង្គភាពយើងមិនអាចសុំការពន្យល់ណាមួយពីភាគីម្ខាងទៀតបាននោះទេ តែទោះយ៉ាងណាក្តីអង្គភាពយើងរងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ៕
ព័ត៌មានលំអិតសូមអញ្ជើញទស្សនានូវវីដេអូរ បទសម្ភាសរវាងអ្នកសារព័ត៌មាន និងលោកស្រី សាម ចាន់ រួមនឹងប្រជាពលរដ្ឋ ដែលមានខ្លឹមសារដូចខាងក្រោម៖