នគរបាលក្រុងប៉ៃលិន នាំខ្លួនអ្នកកត់កន្ទុយលេខ ៣នាក់ ទៅណែនាំអប់រំ
(ប៉ៃលិន)៖អ្នកកត់កន្ទុយលេខចំនួន៣នាក់ នៅក្រុងប៉ៃលិន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន នាំខ្លួនយកទៅធ្វើការណែនាំអប់រំ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
យោងតតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ការចុះបង្ក្រាបនេះលើទីតាំងចំនួន៣ ដោយទីតាំងទី១ នៅចំណុចផ្សារជាងអូន ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន/ក្រុងប៉ៃលិន/ខេត្តប៉ៃលិន បាននាំខ្លួនអ្នកកត់កន្ទុយលេខចំនួន ២នាក់ ជាស្ត្រី មានឈ្មោះ ឈីវ ហ៊ុច ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន/ក្រុង/ខេត្តប៉ៃលិន ដកហូតបាននូវវត្ថុតាង សៀវភៅកត់ឆ្នោតចំនួន២ក្បាល ម៉ាស៊ីនគិតលេខ ០១គ្រឿង បន្ទាត់ចំនួន២ ប៊ិកចំនួន ៣ដើម និងប្រាក់បាតចំនួន ១,០០០បាត ,ប្រាក់រៀល ១១០,០០០រៀល និងប្រាក់ដុល្លារ ២១ដុល្លារ។
ចំណែកឈ្មោះ យឹម ស្រីអូន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាងសៀវភៅសម្រាប់កត់ឆ្នោតចំនួន ១ក្បាល ទូរស័ព្ទដៃចំនួន១គ្រឿង ប៊ិកចំនួន១ដើម បន្ទាត់ចំនួន១ដើម និងប្រាក់រៀលចំនួន ៦៦,០០០រៀល។
ចំពោះទីតាំងទី២ នៅចំណុចផ្សារអូរច្រា ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន១នាក់ឈ្មោះ ឌឿក រំដួល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វាក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង សៀវភៅកត់ឆ្នោតចំនួន ១ក្បាល ប្រាក់បាតចំនួន ១,០៧០បាត ប្រាក់រៀលចំនួន ១០៥,០០០រៀល ក្រដាសផ្តានចំនួន០១សន្លឹក។
ក្រោយពីបង្ក្រាបមន្ត្រីនគរបាលជំនាញក្រុងបានដកហូតវត្តុតាងសរុប សៀវភៅកត់ឆ្នោតចំនួន ៤ក្បាល ម៉ាស៊ីនគិតលេខចំនួន ១គ្រឿង បន្ទាត់ចំនួន៣ និង ប៊ិកចំនួន៦ដើម ក្រដាសផ្តាន ១សន្លឹក ទូរស័ព្ទចំនួន ១គ្រឿង ប្រាក់បាតចំនួន ២,០៧០បាត ប្រាក់រៀល ២៨១,០០០រៀល និងប្រាក់ដុល្លារ ២១ដុល្លារ។ក្រោយពីបង្ក្រាប ត្រូវបានសមត្ថកិច្ចធ្វើការណែនាំអប់រំនិងធ្វើកិច្ចសន្យាអោយឈប់ប្រព្រឹត្តតទៅទៀត ហើយអោយបងប្អូនធានាយកទៅផ្ទះវិញ៕ ដោយ ៖ លោក ក្រូច ណាវី