ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ក្នុងចំណោម​បក្ខពួ​ក៣នាក់ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់​ទោស​(ឆក់កាបូប) ត្រូវអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅសាលាកំបូងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់​ឃាត់ខ្លួនជន​សង្ស័យចំនួន​០២នាក់ តាមពាក្យ​បណ្តឹងរបស់ជនរងគ្រោះ ក្នុងករណីលួចមានស្ថាន​ទម្ងន់ទោស(ឆក់កាបូប) ដែល​បាន​ប្រព្រឹត្តកាល​ពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ​នៅចំណុចទំនប់ដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​នាំខ្លួនម​កសួនាំរ​នៅមូលដ្ឋានអាវុធហត្ថក្រុង ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹង​ថា ក្រោយពីទទួលបានពាក្យបណ្តឹ​ងលោ​កបានដឹកនាំកម្លាំង​ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់កា​រឃាត់ខ្លួនជនសង្ស័យ​បានចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកហុងដា ឃ្លិក ដែ​ល​ជិះធ្វើសកម្មភាព និងកាបូប​ពណ៌ខ្មៅចំនួន០១ មានប្រាក់​ចំនួន៩,២០០បាត (របស់ជនរងគ្រោះ)

លោកបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហេង ប៊ុនធាន (ហៅថាច់) ភេទប្រុស អាយុ​២០ឆ្នាំ និងឈ្មោះ នេត ស៊ី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២មាន​ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២​នាក់ បានឆ្លើយសារភាពថា ពួកគេមា​នគ្នាចំនួន៣នាក់ ហើយ​បានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបលុយពីជនរងគ្រោះពិតប្រាកដមែន ។ ដោយផ្អែក​លើពាក្យបណ្ដឹងរប​ស់ជនរងគ្រោះ និងមានវត្ថុតា​ងផងនោះ ទើបកម្លាំងជំនាញមូ​លដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត កសាងសំ​ណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូន​ទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២នេះ ។ចំណែកបក្ខពួកម្នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវ​អនុវត្តតាមនីតិវិធី​បន្តទៀត រី​ឯវត្ថុតាង កាបូប និងលុយទាំងអស់ ត្រូវបាន កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើ​មវិញហើយដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!