ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ណែនាំដល់មេឃុំចៅសង្កាត់អាណត្តិថ្មី រួមគ្នាបំរើពលរដ្ឋទោះមកពីគណ:បក្សណាក៏ដោយ

(ប៉ៃលិន):លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិននាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អូរតាវ៉ៅ សង្កាត់ទួលល្វា អាណត្តិទី៥ ឆ្នាំ២០២២។ពិធីនេះធ្វើឡើងនៅសាលាសង្កាត់អូរតាវ៉ៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស អាជ្ញាធរក្រុងប៉ៃលិន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី នាឱកាសនោះ លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ថា សង្កាត់អូរតាវ៉ៅ សង្កាត់ទួលល្វា មានសមាជិក ក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផល ក្នុងសង្កាត់អូរតាវ៉ៅ មានអាកាសនៈ ចំនួន០៧ មកពីគណបក្សនយោបាយចំនួន២ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៥ អាសនៈ ក្នុងនោះមកពីគណបក្សភ្លេីងទៀន មានចំនួន០១អាកាសនៈ ទទួលបានតំណែងជាចៅ សង្កាត់រងទី២ ។ ក្នុងសង្កាត់ទួលល្វា មានអាកាសនៈ ចំនួន០៥ មកពីគណបក្សនយោបាយចំនួន២ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៣ អាសនៈ ក្នុងនោះមកពីគណបក្សភ្លេីងទៀន មានចំនួន ០១អាកាសនៈ ទទួលបានតំណែងជាចៅ សង្កាត់រងទី២ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!