ជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុស​ច្បាប់នូវសារ​ធាតុញៀន ត្រូវបានកម្លាំងកងរា​ជអាវុធហត្ថចាប់ខ្លួន បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោ​កវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់អូរ ស្ថិតក្នុង​ភូមិគីឡូ​លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួន​ជនជាតិចិនតៃ​វ៉ាន់ចំនួន០១​នាក់ ឈ្មោះ ចាង យូ លុន (JAGN YU LUN) ហៅ ហេ​មាន ភេទប្រុសអាយុ២៦ឆ្នាំ ព្រមទាំង​ដកហូត​វត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០៩ថង់កិបទម្ងន់ ៤១៧,៤០ក្រាម, ទូរស័ព្ទ ចំនួន​០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ទូដែក ចំនួន០១, ប្រអប់ដែក ចំនួន០១, សៀវភៅលិខិតឆ្លងដែន ចំនួន០១ក្បាល, កាតការងារជនបរទេស ចំនួន០១​សន្លឹក ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់កាត់តាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេទើប​តែបានជួល​បន្ទប់សម្រា​ប់ស្នាក់នៅ​កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែតែនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះបង្ក្រាប​ករណីបើកល្បែងឆ​បោកតា​មប្រព័ន្ធអ​នឡាញខុ​សច្បាប់នៅចំណុចអគារដែលរូបគេបានស្នាក់នៅកន្លែងខ្លួនធ្វើការ ស្របពេល​សមត្ថកិច្ចចុះ​ត្រួតពិនិ​ត្យឃើ​ញទូដែករបស់ខ្លួននៅក្នុងបន្ទប់ហើយ ឆែករកឃើញមានគ្រឿងញៀនចំនួន០៩កញ្ចប់ ទើបឃា​ត់រូបខ្លួនតែម្ដង។

ដោយផ្អែកលើចម្លើ​យសារភាព និងមានវត្ថុតាងជាក់ស្តែង​កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហ​ត្ថខេត្តបញ្ជូន​ទៅសា​លាដំ​បូង​ខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *