(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស នៅចំណុចភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យឈ្មោះ ថា សាវីត ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពយកដែកឆាបចាក់ទៅលើកូនចុង ឈ្មោះ សំប៊ូត វ៉ាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅជាមួយគ្នាបណ្ដាលឱ្យរងរបួសធ្ងន់ចំនួន០២កន្លែង។ ក្រោយពីទទួលបានបណ្ដឹងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួមទាំងដកហូតវត្ថុតាង ដែកឆាប ដងឈើរុំស្កុត ពណ៌ខ្មៅ ប្រវែង២១សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដើម្បីសួរនាំ។
លោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដែកឆាបចាក់ទៅលើកូនចុងរបស់ខ្លួនពិតប្រាកដមែន។ មូលហេតុដោយសារខ្លួនបានឈ្លោះជាមួយប្រពន្ធ ហើយក្មួយខាងប្រពន្ធឈ្មោះ យ៉ា បានហៅខ្លួនអាពេញមាត់ ពេលនោះខ្លួនបានមានជម្លោះជាមួយក្មួយទៀតដោយរុញច្រានគ្នាទៅវិញទៅមក ស្រាប់តែឈ្មោះ ឌី ដែលជាកូនប្តីមុនប្រពន្ធរបស់ខ្លួនបានមកជួយ ពេលនោះឈ្មោះ យ៉ា បានយកកាំបិតមកកាប់រូបខ្លួនត្រូវខាងស្តាំបណ្ដាលឱ្យរបួសរបួសហូរឈាម ហើយខ្លួនក៏បានយកដែកឆាបដងឈើ រុំស្កុត ពណ៌ខ្មៅ ពីក្នុងកាបូបស្ពាយចាក់ទៅលើកូនចុងឈ្មោះ ឌី បណ្ដាលរងបួសត្រូវចំនួន០២កន្លែង ចំណែករូបខ្លួនត្រូវបានអ្នកជិតខាងដឹកទៅដេរបួសនៅមន្ទីរពេទ្យស្រុកថ្មពួក ហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមកយកតែម្តង ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕