បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើជាម្ចាស់ផ្ទះសហការជាមួយក្រសួងមហាផ្ទៃ និង GIZ រៀបចំវគ្គតម្រង់ទិសស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗសម្រាប់របស់ការិយាល័យប្រជា ពលរដ្ឋក្រុង-ស្រុក នៃខេត្តបន្ទាយមានជ័យ,បាត់ដំបង, ប៉ៃលិន ពោធិ៍សាត់, កំពង់ឆ្នាំង, ឧត្តរមានជ័យ, សៀមរាប និងកំពង់ធំ ធ្វេីឡេីងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ ២០២៥។
ក្នុងនាមរដ្ឋបាលខេត្ត លោក លី សុវណ្ណរិទ្ធ អភិបាល រងខេត្ត បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ បានបង្កើត និងដាក់ឱ្យដំណើរការការិយាល័យ ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយសម្របសម្រួលដោះស្រាយភាពមិនប្រក្រតីឬបញ្ហា ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗដល់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក
មានប្រសាសន៍ បេីកវគ្គឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន លេីកឡេីងថា វគ្គទម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗ នាថ្ងៃ នេះ ពិតជាមានសារៈសំខាន់ចាំបាច់ណាស់ក្នុងយុគ្គសម័យឌីជីថល សម្រាប់សិក្ខាកាមដែលជាប្រធាន និងជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន សម្រាប់ការទទួល ការកត់ត្រា និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និងព័ត៌មានផ្សេងៗ របស់ប្រជាពលរដ្ឋអ្នកប្រើ ប្រាស់សេវាដែលមានបញ្ហា និងការតាមដានកែលម្អការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីផ្តល់សេវានៅ រដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងនោះឯកឧត្តម ក៏បានណែនាំដល់ការិយាល័យប្រជាពលរដ្ឋ ត្រូវការពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អ ត្រូវមានទំនាក់ទំនងរវាងជាមួយប្រជាពលរដ្ឋមូលដ្ឋាន ក្នុងន័យរួមគ្នាដោះស្រាយបញ្ហា សំណូមពររបស់ពលរដ្ឋនៅមូលដ្ឋានតំបន់លឿន ពិសេស ត្រូវអនុវត្តយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាដេីម។
សូមបញ្ជាក់ថា វគ្គតម្រង់ទិសនេះ មានគោលបំណងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យនៃ គោលនយោបាយយុទ្ធសាស្ត្របច្ចៈកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការផ្តល់សេវារដ្ឋបាល ជូន ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន៕