(បន្ទាយមានជ័យ): កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីពីជនរងគ្រោះ ស្តីពីករណី លួចម៉ូតូ នៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ជនសង្ស័យបានលួចយកម៉ូតូម៉ាកហ្សូម័រអ៊ិច ពណ៌សលាយទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1k-9719 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ មុត សេងគី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាននៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបានបណ្ដឹងរួចភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៦និង៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចម្ដុំកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ១.ឈ្មោះ ផាវីត អាតអៀម (ខេត) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិថៃ, ២.ឈ្មោះ លេង ភារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ យៀង សុវណ្ណៈ (មិនសាង) ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ រួមទាំងដកហូតវត្ថុតាង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕