បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងសិរីសោភ័ណ ចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន គ្លូប៊ល អេកសិន ហ្វរ អិនវ៉ាយរិនម៉ិន អេវែរណេស ផាប់ប្លីក លីមីធីត ខមភេនី (ក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា) ដើម្បីពង្រឹង ពង្រីកសេវាប្រមូលសម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង ទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ការចុះអនុស្សារណៈយោគយល់គ្នានេះដែរធ្វើឡើនៅសាលប្រជុំ រដ្ឋបាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា ។
លោក ខែម ចន្ទវីរៈ នាយកប្រតិបត្តិក្រុមហ៊ុន ក៏បានធ្វើការប្តេជ្ញាចិត្ត ថា នឹងបន្ថែមរថយន្តដឹកសំរាមបន្ថែម និងព្យាយាមក្នុងការប្រមូលសំរាមឱ្យអស់បានស្អាតទាន់ពេលវេលា ដើម្បីផ្ដល់ឱ្យទីក្រុង ក៏ដូចជាខេត្ត មានភាពស្រស់បៃតងជានិច្ច និងគ្មានសំរាម ។ ក្នុងនោះលោកក៏បានបន្តប្ដេជ្ញាថា បើមានក្រុមហ៊ុន និងមិនមានសំរាម បើកមានសំរាម និងគ្មានក្រុមហ៊ុនលោកឡើយ។
តាមរយៈ នៃចុះអនុស្សារណៈយោគយល់គ្នា ភាគីទាំងពីរព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើ “ការពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ» នៅក្នុងគោលដៅសេវា៤សង្កាត់ (សង្កាត់កំពង់ស្វាយ,សង្កាត់ព្រះពន្លា,សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា) នៃក្រុងសិរីសោភ័ណ។ ដោយហេតុថា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនមានអតិថិជនចំនួន ៣.៩៦៩អតិថិជន ស្មើ២០% នៃប្រជាពលរដ្ឋនៃ៤សង្កាត់ ឬស្មើ ១៦% នៃប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ។ ចំនួនអ្នកប្រើសេវានេះមិនទាន់ឆ្លើយតបតម្រូវការកែលម្អបរិស្ថាន ក៏ដូចជាការអនុវត្តមុខងារគ្រប់គ្រងសំរាមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅឡើយ។ ដូចនេះដើម្បីពង្រីកសេវាឲ្យ កើនដល់៥០% ក្នុងឆ្នាំ២០២៥ និង៨០%ក្នុងឆ្នាំ២០២៦ ក៏ដូចជាមាន ការគ្រប់គ្រងសំរាមបានល្អនាពេលអនាគត។ អនុស្សរណៈយោគយល់នេះបង្កើតឡើង ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមហ៊ុន ហ្គា.អ៊ី.យ៉ា ក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលថ្នាក់ក្រោមជាតិបានល្អប្រសើរជាងបច្ចុប្បន្ន នៅក្នុងគោលដៅពង្រីកសេវា៤សង្កាត់ ក្នុងរយៈពេលសាកល្បង ៦ខែ ចាប់ពីថ្ងៃចុះអនុស្សរណៈយោគយល់នេះតទៅ។
សូមរំលឹកដែរថា ក្រុងសិរីសោភ័ណ មានទីលានទុកដាក់សំរាម ទំហំ១១ហិកតា តម្លៃជាង៦.៥លានដុល្លារអាមរិក ដែលមានទីតាំងនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ នៅក្នុងទីក្រុង នៅតំបន់ជុំវិញបឹងទន្លេសាប។ ទីលានទុកដាក់សំរាមថ្មី ដែលមានស្តង់ដារនេះ គឺជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ៕