ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅស្រុកចំការលើ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នឹងរៀបចំប្រារព្ធធ្វើឡើងនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ស្ថាប័នជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទៅលើកិច្ចការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីការពារសុខសុវត្ថិភាពជូនព្រះមហាក្សត្រ នៃយើង ព្រមទាំងថ្នាក់ដឹកនាំ ក៏ដូចជា ប្រតិភូអមដំណើរ រួមជាមួយនឹងការពន្លឿនលើកិច្ចការ ដែលនៅសេសសល់មួយចំនួនទៀត ដោយធ្វើយ៉ាងណា ឲ្យកម្មវិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារ របស់ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំគោលដៅជាមុន ដើម្បីសម្រួលដល់ការប្រព្រឹត្តទៅ នៃកម្មវិធី ដែលនឹងឈានខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ជាពិសេស រៀបចំវេទិកាសម្រាប់ប្រារព្ធពិធី និងទីកន្លែងដាក់រថយន្តរបស់ថ្នាក់ដឹកនាំ ក៏ដូចជា ទីកន្លែងសម្រាប់ចតយានយន្ត របស់គណៈប្រតិភូ និងប្រជាពលរដ្ឋ ដែលត្រៀមចូលរួម ផងដែរ ៕